(ប៉េកាំង)៖ ពាក្យថា «ខ្ញុំមិនអាចដកដង្ហើមបាន» របស់លោក Floyd ដែលជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីជាង ២ឆ្នាំមុន នៅតែដិតជាប់ក្នុងត្រចៀករបស់យើង ហើយការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសអាមេរិក ចំពោះជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក បានបន្ថែមកំណត់ត្រាថ្មីទៀត។

នៅថ្ងៃទី៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូស្តីពីបុរសជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក Jayland Walker ត្រូវបានប៉ូលីសបាញ់សម្លាប់កាលពីប៉ុន្មានថ្ងៃមុន។ ប៉ូលីសចំនួន ៨នាក់ បានបាញ់ជាបន្តបន្ទាប់ ខណៈពេលដែលកំពុងដេញតាមលោក Walker ដែលបានលោតចេញពីឡាន ក្នុងអំឡុងពេលត្រួតពិនិត្យចរាចរណ៍មួយលើក «ទិដ្ឋភាពគួរឱ្យរន្ធត់»។ ប៉ូលីសក្នុងតំបន់បាន និយាយថា ប៉ូលីសចំនួន៨នាក់បានបាញ់ជាង ៩០គ្រាប់ ហើយពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថាលើខ្លួនលោក Walker មានស្នាមរបួសប្រហែល ៦០កន្លែង។

មុនពេលថ្ងៃបុណក្យឯករាជ្យជាតិអាមេរិកនៅថ្ងៃទី៤ ខែកក្កដា ជិតចូលមកដល់ ឈាមរបស់លោក Walker បានធ្វើឱ្យក្រុមមូលដ្ឋានបង្កើតសហរដ្ឋអាមេរិកដែលថា «មនុស្សទាំងអស់មានភាពស្មើគ្នាតាំងពីកើតមក» ដែលមានចែងក្នុង «សេចក្តីប្រកាសឯករាជ្យ» ដូចជាត្លុកកំប្លែងមួយ ។ កាសែត «the Boston Globe» អាមេរិកបានរិះគន់ថា «ថ្ងៃទី៤ ខែកក្កដាឆ្នាំនេះ (ថ្ងៃបុណ្យឯករាជ្យ) គឺបន្ទាប់ពីខែមិថុនាដ៏ច្របូកច្របល់ តើមានអ្វីគួរអបអរសាទរទៅ?» បច្ចុប្បន្ននេះ មានបាតុកម្មជាច្រើន បានធ្វើឡើងនៅទីក្រុង Akron ដើម្បីតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីស ហើយរដ្ឋបាលក្នុងតំបន់ដក៏លុបចោល សកម្មភាពអបអរសាទរថ្ងៃបុណ្យឯករាជ្យផងដែរ។

តាមទិន្នន័យស្ថិតិរបស់វេបសាយ «ផែនទីអំពើហិង្សាប៉ូលីស» បង្ហាញឱ្យឃើញថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ពេលនេះ មានមនុស្សចំនួន ២៥៦៣ នាក់ត្រូវបានសម្លាប់ដោយ ការអនុវត្តច្បាប់របស់ប៉ូលីសអាមេរិក ក្នុងនោះ មានជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកចំនួន៥៦៥នាក់ ដែលមានចំនួនលើសពី២២ភាគរយ ។ តាំងពីចូលឆ្នាំនេះរៀងមក បានមានជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកចំនួន ៤៩ នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។ វេបសាយនេះនៅបង្ហាញផងដែរថា នៅប្រទេសអាមេរិក លទ្ធភាពដែលជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ត្រូវបានសម្លាប់ដោយប៉ូលីស គឺច្រើនជាងជនជាតិស្បែកស២.៩ដង។

មិនត្រឹមតេការអនុវត្តច្បាប់ដោយហិង្សាប៉ុណ្ណោះទេ ការរើសអើងពូជសាសន៍ជាប្រព័ន្ធបែបអាមេរិក បានចាក់ឫសគល់ក្នុងគ្រប់ផ្នែក នៃសង្គមអាមេរិករួចហើយ។ ការរើសអើងនិងការគាបសង្កត់ ដែលមាននៅពាសវាលពាសកាល ធ្វើឱ្យជនជាតិភាគតិចអាមេរិក «មិនអាចដកដង្ហើមបាន»។ នៅពីក្រោយរឿងនេះ មិនត្រឹមតែមានកត្តាប្រវត្តិឧក្រិដ្ឋកម្មនៃទាសភាព រចនាសម្ព័នជនជាតិដែលតម្កល់ទុក ជនជាតិស្បែកសជាអាទិភាព និងបរិយាកាសសង្គមជាដើមប៉ុណ្ណោះទេ ថែមទាំងក៏មានទំនាក់ទំនងជាមួយអ្នកនយោបាយ អាមេរិកដែលជាប់រវល់ក្នុងជម្លោះបក្សពួក និងបរាជ័យក្នុងអភិបាលកិច្ចទៀតផង។

លោក Biden ប្រធានាធិបតីអាមេរិកធ្លាប់បានថ្លែងថា «ការរើសអើងពូជសាសន៍ជាប្រព័ន្ធគឺជា ស្នាមប្រឡាក់នៅលើព្រលឹងអាមេរិក»។ គិតមកទល់សព្វថ្ងៃនេះ ស្នាមប្រឡាក់លើព្រលឹងនេះ មិនគ្រាន់តែមិនត្រូវបានលុបចោលប៉ុណ្ណោះទេ ថែមទាំងបែរជាកាន់តែធ្ងន់ធ្ងរទៀត។ ពាក្យស្លោកស្អាតៗ ដែលអ្នកនយោបាយអាមេរិកគេហៅថា «ស្មើរភាពគ្នា» និង «បរិយាប័ន្ន» ជាដើម មិនអាចបិទបាំងបាននូវទង្វើដ៏អាក្រក់របស់ «អ្នកការពារសិទ្ធិមនុស្ស» នោះទេជាយូរមកហើយ។ នៅថ្ងៃទី ៤ ខែកក្កដា ប្រឈមនឹងសហរដ្ឋអាមេរិក ដែលងាយនឹងកើតមានអំពើហិង្សា ការបែកបាក់ជាតិសាសន៍ និងមានមនោសញ្ចេតនាអន់ចិត្ត យើងមិនដឹងទេថា តើអ្នកនយោបាយអាមេរិកនឹងឆ្លើយតបយ៉ាងណា ចំពោះការរំពឹងទុករបស់ស្ថាបនិកអាមេរិកកាលពីជាង ២០០ ឆ្នាំមុន?

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន