(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើការរិះគន់ជប៉ុនដែលប្រកាន់យកជំហរ «អមិត្ត» ចំពោះរុស្ស៉ី ដោយលើកឡើងថាការធ្វើដូច្នេះនឹងរារាំងដល់ការអភិវឌ្ឍ ទំនាក់ទំនងសេដ្ឋកិច្ច និងថាមពលរវាងប្រទេសទាំង២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។
ជប៉ុន បានចូលរួមជាមួយសមាជិកដទៃទៀត នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ថ្លែងប្រាប់ អ្នកយកព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះ លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បានគូសបញ្ជាក់ថា «ជប៉ុនកំពុងប្រកាន់យកជំហរ «អមិត្ត» យ៉ាង ខ្លាំងចំពោះរុស្ស៉ី ហើយការប្រកាន់យកជំហរបែបនេះនឹងមិនអាចជួយអ្វីបានដល់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងថាមពលនោះឡើយ»។
គួរបញ្ជាក់ថា លោក គីស៉ីដា បានលើកឡើងថាសហគមន៍អន្តរជាតិ នឹងបង្កើតប្រព័ន្ធមួយដើម្បីកំណត់តម្លៃប្រេងរបស់រុស្ស៊ី ឲ្យចុះមកនៅប្រហែលពាក់កណ្តាលនៃតម្លៃបច្ចុប្បន្ន ហើយសហគមន៍អន្តរជាតិនឹងមិនទិញ ឬអនុញ្ញាតឱ្យទិញប្រេងលើសពីកម្រិតដែលបានដាក់ចេញនេះឡើយ។ ផែនការនេះត្រូវបានតាក់តែងឡើងដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី យ៉ានេត យេឡិន (Janet Yellen) ដែលជាផ្នែកមួយនៃយុទ្ធនាការបង្កើនការដាក់សម្ពាធលើទីក្រុងមូស្គូ ឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយ នៅមិនទាន់មានការសម្រេចនៅឡើយទេ៕