(ប៉េកាំង)៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេស អឹម អាយ ហ្វាយ (MI5) និងប្រធាន FBI របស់សហរដ្ឋអាមេរិក បានព្រមានពីការគំរាមកំហែងបន្ទាន់ បង្កឡើង ដោយចិន នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយដ៏កម្រ នៅឯទីស្នាក់ការកណ្ដាល MI5 ក្នុងទីក្រុងឡុងដ៍។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។
ប្រធានាប៉ូលិសសហព័ន្ធអាមេរិក ហៅកាត់ថា FBI លោក គ្រីស្តូហ្វឺ វ្រ៉េ (Christopher Wray) បាននិយាយថា «បញ្ហាចិនគឺជាការគំរាមកំហែងដ៏ធំរយៈពេលវែងចំពោះ សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់យើង ហើយចិនបានជ្រៀតជ្រែកក្នុងនយោបាយរួមទាំងការបោះឆ្នោតនាពេលថ្មីៗនេះផងដែរ»។ រីឯប្រធាន (MI5) លោក ខិន ម៉ាកខាលូម (Ken McCallum) បានលើកឡើងថា ការិយាល័យកិច្ចការផ្ទៃក្នុងបានបង្កើនការងាររបស់ខ្លួនទ្វេរដង ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ចិនក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ហើយអាចនឹងបង្កើនការតាមដានថែមទៀត។
គួរបញ្ជាក់ថា ជាមួយគ្នានោះដែរ លោក វ្រ៉េ និងលោក ម៉ាកខាលូម ក៏បានព្រមានដែរថា «ប្រសិនចិនចង់ប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ ដោយបង្ខំមែន នោះវានឹងបង្ក ការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដែលមិនធ្លាប់មានពីមុនមក»។