(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានប្រាប់សមាជិកសភាថាលោកនឹងមិនលាលែងចេញពីតំណែងនោះទេ បើទោះជាគណៈរដ្ឋមន្ត្រី និងមន្ត្រីជាច្រើនរូប នាំគ្នាលាលែងពីតំណែង ដើម្បីសម្ដែងការមិនពេញចិត្តចំពោះការដឹកនាំប្រទេស និងការដោះស្រាយបញ្ហារបស់លោកពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលរងការចោទប្រកាន់ពីការបៀតបៀនផ្លូវភេទក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២។
ការបញ្ជាក់ជំហរខាងលើរបស់លោក ចនសុន ធ្វើឡើងកំលុងការសួរដេញដោលមួយនៅឯសភាអង់គ្លេស នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក ចនសុន បានបញ្ជាក់ដូច្នេះថា «ការងាររបស់នាយករដ្ឋមន្ត្រីនៅក្នុងកាលៈទេសៈដ៏លំបាក នោះគឺបន្តដើរទៅមុខ ហើយនេះគឺជាវាអ្វីដែលខ្ញុំកំពុងធ្វើ»។ នាយករដ្ឋមន្ត្រីរូបនេះបន្ថែមទៀតថាលោកខ្លួនឯង មិនជឿទេថាវាជាការប្រឆាំងនឹងផលប្រយោជន៍ជាតិ បើលោកនៅតែបន្តកាន់អំណាច។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក បូរីស ចនសុន បានធ្លាក់ចូលក្នុងវិបត្តិ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសំខាន់ៗរបស់លោក ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក សាជីដ ហ្សាវីដ (Sajid Javid) លាលែងចេញពីតំណែង ដោយនិយាយថាលោក ចនសុន មិនមានសមត្ថភាពដឹកនាំរដ្ឋាភិបាល។ គិតមកទល់នឹងពេលនេះ មានគណៈរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលអង់គ្លេសចំនួន៤៣រូបហើយ បានសម្រេចចិត្តលាលែងចេញពីតំណែង៕