(មូស្គូ)៖ អភិបាលតំបន់ កាលីនីនក្រាដ (Kaliningrad) បាននិយាយថា រុស្ស៉ីអាចនឹងកាត់ផ្តាច់ទាំងស្រុងនូវលំហួរទំនិញ ជាមួយបណ្តាប្រទេសអឺរ៉ុប នៅតំបន់តំបន់បាល់ទិច (Baltic) ដើម្បីឆ្លើយតបទៅនឹង ការហាមឃាត់របស់ប្រទេសលីទុយអានី លើការដឹកជញ្ជូនទំនិញរុស្ស៉ី ដែលជាប់ទណ្ឌកម្ម ទៅនិងមកពីតំបន់កាលីនីនក្រាដ (Kaliningrad)។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី Rossiya-24 លោក អាន់តុន អាលីខានូវ (Anton Alikhanov) អភិបាលតំបន់ កាលីនីនក្រាដ បានគូសបញ្ជាក់ថា លោកមានមធ្យោបាយមួយចំនួន ដើម្បីឆ្លើយតបការហាមឃាត់របស់ទីក្រុងវីលនីញូស ដែលបានដាក់មកលើចរាចរណ៍នៃទំនិញរបស់រុស្ស៉ី ដែលជាប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
លោក Alikhanov បានសង្កត់ធ្ងន់ថា «ការឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតនោះ គឺការហាមឃាត់ចរាចរណ៍ទំនិញទំាងអស់ ដែលឆ្លងកាត់តំបន់បាល់ទិច»។ បើតាមលោកអភិបាលតំបន់ កាលីនីនក្រាដ ទីក្រុងមូស្គូអាចរាំងខ្ទប់ចរាចរណ៍ទំនិញមកពីអាស៉ី ដែលឆ្ពោះទៅកាន់កំពង់ផែនៅតំបន់បាល់ទិច ដោយត្រូវឆ្លងកាត់តាមប្រទេសរុស្ស៉ី ក៏ដូចជាទំនិញដែលចូលមកកាន់រុស្ស៉ី តាមប្រទេសទាំងអស់នោះផងដែរ»។
គួរបញ្ជាក់ថា Kaliningrad គឺជាតំបន់តូចមួយរបស់រុស្ស៉ី ដែលស្ថិតនៅចន្លោះប្រទេសលីទុយអានី និងប៉ូឡូញ។ កាលពីខែមុន ទីក្រុងវីលនីញូស បានហាមឃាត់ការដឹកជញ្ជូនទំនិញរវាងតំបន់នេះ និងតំបន់ផ្សេងទៀតរបស់រុស្ស៉ី ក្រោមហេតុផលទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើទីក្រុងមូស្គូ ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន៕