(កៀវ)៖ អភិបាលនៃខេត្តភាគខាងកើត ដែលជាខេត្តចុងក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន បានជំរុញឲ្យប្រជាជនជាង ៣៥០,០០០នាក់ ភៀសខ្លួនចេញពីការវាយលុករបស់កងកម្លាំងរុស្ស៉ី ដែលកំពុងបង្កើនការទម្លាក់គ្រាប់បែក។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២។
ខណៈកងកម្លាំងរុស្ស៉ីបង្កើនការវាយប្រហារនៅទូទាំងភាគខាងកើតអ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ អភិបាលតំបន់ដូណេត (Donetsk) លោក ប៉ាវឡូ គីរីឡិនកូ (Pavlo Kyrylenko) បានជំរុញឲ្យប្រជាជនស៉ីវិលចាកចេញពីតំបន់នេះ ដើម្បីការពារអាយុជីវិតរបស់ខ្លួន ក៏ដូចជាដើម្បីឲ្យកងទ័ពអ៊ុយក្រែនអាចប្រើ កម្លាំងការពារបានល្អប្រសើរ ពីការវាយប្រហាររបស់រុស្ស៉ី។
លោក គីរីឡិនកូ បានគូសបញ្ជាក់ថា «ជោគវាសនារបស់ប្រទេសអ៊ុយក្រែនទាំងមូល នឹងត្រូវសម្រេចដោយតំបន់ដូណេត។ នៅពេលដែលមានមនុស្ស នៅសល់តិចតួច នោះកម្លាំងរបស់យើងអាចផ្តោតអារម្មណ៍កាន់តែច្រើនលើសត្រូវ ហើយអាចបំពេញភារកិច្ចចម្បងរបស់យើងបាន»។
គួរបញ្ជាក់ថា «គោលដៅវាយប្រហារទីមួយ» របស់រុស្ស៊ីបច្ចុប្បន្ន គឺទីក្រុងស្លូវីយ៉ាន់ស្កិ៍ (Sloviansk) និងក្រាម៉ាទ័រសស្កិ៍ (Kramatorsk) បន្ទាប់ពីរុស្ស៉ី វាយកាន់កាប់តំបន់លូហានបានទាំងស្រុង។ ដូណេត និង លូហាន រួមបញ្ចូលគ្នាត្រូវបានគេហៅថាជាតំបន់ដុនបាស់ ដែលជាតំបន់ឧស្សាហកម្ម ភាគស្ថិតនៅខាងកើតអ៊ុយក្រែន និងត្រូវបានឃើញថាជាសមរភូមិដ៏សំខាន់បំផុតនៅអឺរ៉ុប៕