(ឡុងដ៍)៖ ក្រុមអ្នកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីបានរឹបអូសយកកប៉ាល់ដែលមានទង់ជាតិបរទេសចំនួនពីរនៅក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងអ៊ុយក្រែន ដោយនិយាយថាឥឡូវនេះវាក្លាយជា «កម្មសិទ្ធិរបស់រដ្ឋ» នៅក្នុងសកម្មភាពលើកដំបូងប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២។
ទីក្រុងកំពង់ផែ Mariupol នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី និងក្រុមបំបែកខ្លួនកាលពីខែឧសភា បន្ទាប់ពីមានការឡោមព័ទ្ធអស់រយៈពេលជាច្រើនខែ។ រុស្ស៊ី ដែល បាន ឈ្លានពាន អ៊ុយក្រែន នៅ ថ្ងៃ ទី២៤ ខែ កុម្ភៈ កំពុង ប្រយុទ្ធ ដើម្បី ដណ្តើម យក តំបន់ Donetsk និង Luhansk ទាំងមូល។
យោងតាមលិខិតពីរដាច់ដោយឡែកពីគ្នា សាធារណរដ្ឋប្រជាមានិត Donetsk ដែលប្រកាសដោយខ្លួនឯង តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានជូនដំណឹងដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងពីរថា កប៉ាល់របស់ពួកគេគឺជាកម្មវត្ថុនៃ «ការរឹបអូសដោយបង្ខំជាទ្រព្យសម្បត្តិរដ្ឋ» ដោយគ្មានសំណងណាមួយដល់ម្ចាស់ទេ។
ជុំវិញបញ្ហានេះ មន្ត្រីរបស់ Donetsk មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំអត្ថាធិប្បាយតាមអ៊ីមែលទេខណៈអ្នកផ្សេងទៀត មិនអាចទាក់ទងបានតាមទូរស័ព្ទ។
ម្ចាស់របស់កប៉ាល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ Smarta ដែលមានទង់ជាតិលីបេរីយ៉ា ដែលជាក្រុមហ៊ុនមួយក្នុងចំណោមពីរដែលត្រូវបានប្លន់ បាននិយាយថា ខ្លួនបានដឹងពីការរឹបអូសតាមអ៊ីមែលកាលពីថ្ងៃទី៣០ ខែមិថុនា ដោយបានហៅវាថា ជារឿងខុសច្បាប់ និងបំពានគ្រប់បទដ្ឋាននៃច្បាប់អន្តរជាតិ៕