(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid កាលពីថ្ងៃអង្គារ បានចាកចេញទៅកាន់ទីក្រុងប៉ារីស សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេស បន្ទាប់ពីចូលកាន់តំណែង។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា លោកនឹងស្នើសុំអន្តរាគមន៍ពីបារាំង ក្នុងការកើនឡើងភាពតានតឹងជាមួយក្រុមហេសបូឡារបស់ប្រទេសលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២។
លោក Rapid ដែលបានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ កាលពីថ្ងៃសុក្របន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះក្រោមការដឹកនាំរបស់លោក Naftali Bennett បានប្រឈមមុខនឹងបញ្ហាសន្តិសុខដំបូងរបស់គាត់ មួយថ្ងៃបន្ទាប់ពីការតែងតាំងរបស់រូបលោក នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់ក្រុមហេសបូឡា (Hezbollah) បីគ្រឿង ហោះហោះហើរលើដែនទឹកដែលមានជម្លោះនៅសមុទ្រមេឌីទែរ៉ាណេខាងកើត ឆ្ពោះទៅស្ថានីយ៍ឧស្ម័នដែលទើបដំឡើងថ្មីរបស់អ៊ីស្រាអែល។ ដ្រូនទាំងអស់ត្រូវបានស្ទាក់ចាប់។
លោក Lapid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនការចាកចេញរបស់លោកថា «មានការវាយប្រហារម្តងហើយម្តងទៀត លើអណ្តូងឧស្ម័នរបស់អ៊ីស្រាអែល» ដោយបន្ថែមថា លោកនឹងពិភាក្សាអំពីឧប្បត្តិហេតុនេះ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។
លោក បាន ព្រមាន ថា «រដ្ឋាភិបាលលីបង់ចាំបាច់ត្រូវទប់ស្កាត់ក្រុម ហេសបូឡា (Hezbollah) បន្ទាប់ពីការវាយប្រហារទាំង នេះ ឬ យើងនឹង ត្រូវធ្វើដូចគ្នា»។
ឧប្បត្តិហេតុនេះបានកើតឡើងចំពេលមានជម្លោះទាក់ទងនឹងតំបន់ឧស្ម័ន Karish ដែលមានទីតាំងនៅក្នុងអ្វីដែលអ៊ីស្រាអែលនិយាយថា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ឬជាតំបន់ជម្លោះដែលទាមទារដោយប្រទេសលីបង់។
គួរបញ្ជាក់ថា ក្រុម Hezbollah គឺជាគណបក្សនយោបាយ និងអង្គការសកម្មប្រយុទ្ធស៊ីអ៊ីតដ៏មានឥទ្ធិពលដែលគាំទ្រដោយអ៊ីរ៉ង់នៅលីបង់៕