(ប៉េកាំង)៖ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីមាតុប្រទេស និងការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង និងមជ្ឈដ្ឋាននានាក្នុងសង្គម ការអនុវត្តជាក់ស្តែងនៃគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នៅតំបន់ហុងកុងទទួលបានជោគជ័យ ដែលត្រូវទទួលស្គាល់ជាសកល។ នៅថ្ងៃទី១ ខែកក្កដា ក្នុងអំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួបទី ២៥ នៃការវិលត្រឡប់ចូលមាតុប្រទេសវិញរបស់ហុងកុង និងពិធីឡើងកាន់មុខតំណែងនៃរដ្ឋបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ហើយវាយតម្លៃខ្ពស់ចំពោះការអនុវត្តជាក់ស្តែង នៃគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នៅតំបន់ហុងកុង។

សូមបញ្ជាក់ថា «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» គឺ មានន័យថា «នៅប្រទេសមួយ អនុវត្តប្រព័ន្ធគ្រប់គ្រងពីរយ៉ាង» ពោលគឺ ឈរលើបុរេលក្ខខណ្ឌចិនតែមួយ ចិនដីគោកអនុវត្តប្រព័ន្ធរបបសង្គមនិយម រីឯហុងកុង ម៉ាកាវនិងតៃវ៉ាន់វិញ រក្សាប្រព័ន្ធរបបមូលធននិយមដដែល។ ការអនុវត្តជាក់ស្តែងអស់រយៈពេល ២៥ ឆ្នាំបានបញ្ជាក់ថា «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» មិនគ្រាន់តែជាផែនការល្អបំផុតសម្រាប់ដោះស្រាយ បញ្ហាហុងកុងដែលបន្សល់ទុកពីប្រវតិ្តសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រព័ន្ធរបបល្អបំផុតសម្រាប់ឱ្យហុងកុង រក្សាស្ថិរភាពនិងវិបុលភាពក្នុងរយៈពេលយូរ បន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញទៀតផង ជាងនេះទៅទៀត វាក៏ជាការធានាពីឬសគល់សម្រាប់អភិវឌ្ឍប្រជាធិបតេយ្យ នៃតំបន់រដ្ឋបាលពិសេសហុងកុងផងដែរ។

សូមយកសេដ្ឋកិច្ចធ្វើជាឧទាហរណ៍ កាលពីឆ្នាំ ១៩៩៧ ផលិតផលក្នុងស្រុកសរុប គឺ GDP នៃតំបន់ហុងកុងមានចំនួន ១,៣៧ ទ្រីលានប្រាក់ហុងកុង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ គឺ ១សែន ៩ម៉ឺន ២ពាន់ប្រាក់ហុងកុង ដល់ឆ្នាំ២០២១ GDP នៃតំបន់ហុងកុងបានឡើងដល់ ២,៨៦ ទ្រីលានប្រាក់ហុងកុង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗគឺ ៣សែន ៨ម៉ឺន ៧ពាន់ប្រាក់ហុងកុង។

បន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញ ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់ហុងកុង ត្រូវបានបង្កើនឡើងជាបន្តបន្ទាប់ វិទ្យាស្ថានសិក្សាស្រាវជ្រាវ Fraser របស់ប្រទេសកាណាដាបានចេញផ្សាយ «របាយការណ៍ស្តីពីសេរីភាពខាងសេដ្ឋកិច្ច នៅលើពិភពលោកប្រចាំឆ្នាំ ២០២១» ដោយបានវាយតម្លៃជាថ្មីម្តងទៀតថា ហុងកុងជាអង្គភាពសេដ្ឋកិច្ច ដែលមានសេរីភាពជាងគេនៅលើពិភពលោក។ យោងតាម «សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោក» ថ្មីបំផុតប្រចាំខែមីនា ឆ្នាំ ២០២២ បានបង្ហាញថា ហុងកុងកាន់លំដាប់ថ្នាក់ទីបី ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោកទាំងមូល បន្ទាប់ពីក្រុងញូវយ៉កនិងក្រុងឡុងដ៍។

ភាពបម្រែបម្រួលដែលកាន់តែសំខាន់ទៅទៀត គឺ បន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញមក ហុងកុងបានរួមបញ្ចូលក្នុងការអភិវឌ្ឍជាទូទៅរបស់ប្រទេសចិនជាសន្សឹមៗ។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ «ផែនការអភិវឌ្ឍន៍នៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ» បានដាក់ចេញជាផ្លូវការ តំបន់នេះជាតំបន់មួយនៃប្រទេសចិន ដែលមានកម្រិតបើកទូលាយខ្ពស់ជាងគេ និងមានភាពរស់រវើកខាងសេដ្ឋកិច្ចខ្លាំងជាងគេ។ ឆ្នាំ ២០២១ ទំហំសេដ្ឋកិច្ចសរុបនៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ មានចំនួនប្រហែល ១២,៦ ទ្រីលានយាន់ប្រាក់ចិន ។ រដ្ឋាភិបាលមជ្ឈិមចិនបានខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្រាលផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ សម្រាប់ហុងកុង។

បន្ទាប់ពីបានវិលត្រឡប់ចូលមាតុប្រទេសវិញ ហុងកុងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ នេះបានបញ្ជាក់យ៉ាងពេញលេញថា «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» អាចឆ្លងកាត់ការពិនិត្យបញ្ជាក់ម្តងហើយម្តងទៀត ពីការអនុវត្តជាក់ស្តែង ពោលគឺ វាសមស្របនឹងផលប្រយោជន៍ជា គន្លឹះរបស់ប្រទេសនិងជនជាតិ ក៏ដូចជាសមស្របនឹងផលប្រយោជន៍ ជាគន្លឹះរបស់ហុងកុងនិងម៉ាកាវផងដែរ។ នេះមិនត្រឹមតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនចិនជាង ១,៤០០ លាននាក់ប៉ុណ្ណោះទេ ជាងនេះទៅទៀត គឺ ទទួលបានការគាំទ្រជាឯកច្ឆន្ទពីប្រជាពលរដ្ឋហុងកុងនិងម៉ាកាវ ថែមទាំងក៏ទទួលបានការកោតសរសើរជាទូទៅ ពីសំណាក់សហគមន៍អន្តរជាតិទៀតផង។ សំដៅចំពោះប្រព័ន្ធដ៏ល្អបែបនេះ យើងគ្មានហេតុផលណាមួយដែលត្រូវកែប្រែឡើយ ចាំបាច់ត្រូវប្រកាន់ខ្ជាប់ក្នុងរយៈពេលយូ!

នៅពេលអនាគត ពិភពលោកនឹងធ្វើជាសាក្សីថា ការអនុវត្តជាក់ស្តែងនៃគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នឹងទទួលបានជោគជ័យកាន់តែធំធេង នៅតំបន់ហុងកុង!

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន