(ព្រុចសែល)៖ នៅថ្ងៃអង្គារនេះ ក្រុមឯកអគ្គរដ្ឋទូតរបស់អង្គការ NATO បានចុះហត្ថលេខាលើពិធីសារ នៃការចូលជាសមាជិក សម្រាប់ហ្វាំងឡង់និងស៊ុយអែតហើយ។ នេះបើតាមការចេញផ្សាយដោយ វែបសាយរបស់អង្គការ NATO នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។
ពិធីចុះហត្ថលេខាលើ ត្រូវបានធ្វើឡើងនៅឯទីស្នាក់ការកណ្តាលរបស់ NATO ដែលស្ថិតក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ៉ិសក ជាមួយវត្តមានរបស់រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ លោក ផេកកា ហាវ៉ាស្តូ (Pekka Haavisto) និងរដ្ឋមន្រ្តីការបរទេសស៊ុយអែត លោកស្រី អាន់ លីន (Ann Linde)។ នាឱកាសនោះ អគ្គលេខាធិការ NATO លោក ជេន ស្តូលថិនបឺហ្គ (Jens Stoltenberg) បានលើកឡើងយ៉ាងដូច្នេះថា «នេះពិតជាពេលវេលាជាប្រវត្តិសាស្រ្តមួយ សម្រាប់ហ្វាំងឡង់ សម្រាប់ស៊ុយអែត សម្រាប់ NATO និងសម្រាប់សន្តិសុខរួមរបស់ពួកយើង»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កំលុងកិច្ចប្រជុំកំពូលក្នុងទីក្រុងម៉ាឌ្រីដនៃប្រទេសអេស៉្បាញ ក្រុមថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក NATO បានឯកភាពគ្នាអញ្ជើញហ្វាំងឡង់និងស៊ុយអែត ឱ្យចូលរួមក្នុងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីប្រទេសទាំងពីរ បានដាក់ពាក្យសុំចូលជាសមាជិកដំណាលគ្នា កាលពីខែឧសភា។ ការចុះពិធីសារខាងលើ គឺជាការចាប់ផ្តើមនៃដំណើការផ្តល់សច្ចាប័ន ចំពោះសមាជិកភាពរបស់ហ្វាំងឡង់និងស៊ុយអែត៕