(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា យន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន៦គ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងយន្តហោះចម្បាំងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបន្ថែម ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមយន្តហោះចម្បាំង F-35 ខាងលើ ដែលត្រូវបានចល័តចេញពី មូលដ្ឋានទ័ពអាកាស អ៊ែលសុន (Eielson) នៅរដ្ឋអាឡាស្កា (Alaska) របស់សហរដ្ឋអាមេរិក នឹងចូលរួមការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពអាកាសកូរ៉េខាងត្បូង រហូតដល់ថ្ងៃទី១៤ ខែកក្កដា។
គួរបញ្ជាក់ថា វាគឺជាការចល័តយន្តហោះចម្បាំងអាមេរិក F-35 លើកដំបូងបង្អស់ មកកាន់ឧបទ្វីបកូរ៉េ ដែលត្រូវបានប្រកាសឱ្យដឹងជាសាធារណៈ បើគិតចាប់តាំងពីចុងឆ្នាំ២០១៧មក។ កំលុងសមយុទ្ធរួមគ្នា ដែលមានរយៈពេល១០ថ្ងៃ ក្រុមយន្តហោះចម្បាំង F-35 គ្រោងនឹងហោះធ្វើប្រតិបត្តិការ ជាមួយក្រុមយន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូងដទៃទៀត នៅលើដែនអាកាសកូរ៉េខាងត្បូង ព្រមទាំងនៅលើដែនសមុទ្រជុំវិញនោះ៕