(ឡុងដ៍)៖ ចក្រភពអង់គ្លេសកំពុងស្នើច្បាប់ថ្មីមួយ ដែលនឹងតម្រូវឱ្យក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមនានា ត្រូវធ្វើការយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហានៃការបំភ្លៃព័ត៌មាន ដែលចែកចាយដោយរដ្ឋបរទេស ដូចជារុស្ស៉ីជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា ច្បាប់ខាងលើនឹងមានគោលដៅចំពោះ គណនីក្លែងក្លាយនៅលើប្រព័ន្ធបណ្តាញសង្គមដូចជា Facebook និង Twitter ជាដើម ដែលរដ្ឋបរទេសបានបង្កើតឡើង ដើម្បីជះឥទ្ធិពលទៅលើដំណើរការបោះឆ្នោត ឬទៅលើរឿងផ្សេងៗទៀត។
បើតាមការរំពឹងទុក ច្បាប់នោះទំនងជានឹងត្រូវអនុម័ត កំលុងសម័យប្រជុំបច្ចុប្បន្នរបស់សភាអង់គ្លេស តាមរយៈការធ្វើវិសោធនកម្មមួយ ដើម្បីចងភ្ជាប់គ្នារវាងច្បាប់សន្តិសុខជាតិ ហើយនិងច្បាប់សុវត្ថិភាពអនឡាញ។ រីឯនិយតករផ្នែកព័ត៌មានរបស់អង់គ្លេស ហៅថា អូហ្វខុម (Ofcom) នឹងរៀបចំក្រមប្រតិបត្តិ ដើម្បីជួយក្រុមហ៊ុនបណ្តាញសង្គម ឱ្យគោរពតាមច្បាប់ថ្មីនោះ ហើយ អូហ្វខុម ក៏នឹងមានអំណាច ដើម្បីចេញការផាកពិន័យ ចំពោះក្រុមហ៊ុនដែលល្មើសច្បាប់ផងដែរ។
រដ្ឋមន្រ្តីឌីជីថលអង់គ្លេស លោកស្រី ណាឌីន ឌ័ររី (Nadine Dorries) បាននិយាយកាលពីថ្ងៃចន្ទនេះថា សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញឱ្យឃើញពី របៀបដែលរុស្ស៉ី ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយពាក្យភូតកុហកអំពីសកម្មភាពរបស់ខ្លួន។ លោកស្រី ឌ័ររី បានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចបន្តអនុញ្ញាតឱ្យរដ្ឋបរទេស ឬអាយ៉ងរបស់ពួកគេ ប្រើប្រាស់អ៉ីនធើណែត ដើម្បីធ្វើសង្រ្គាមអនឡាញតាមតែអំពើចិត្តឡើយ។ ហេតុនេះហើយទើបយើងត្រូវពង្រឹង ការការពារសុវត្ថិភាពប្រព័ន្ធអ៉ីនធើណែត ដើម្បីធានាថា ក្រុមហ៊ុនបណ្តាញសង្គមនឹងស្វែងរក ហើយបោកសំអាតការបំភ្លៃព័ត៌មាន ដែលគាំទ្រដោយរដ្ឋាភិបាលបរទេស»៕