(រ៉ាម៉ាឡា)៖ អាជ្ញាធរប៉ាឡេស្ទីន នៅថ្ងៃចន្ទសប្តាហ៍នេះ បានច្រានចោលលទ្ធផលនៃការស៉ើបអង្កេត ដែលចូលរួមដោយក្រុមអ្នកជំនាញអាមេរិក ជុំវិញករណីបាញ់សម្លាប់អ្នកកាសែត Al Jazeera ម្នាក់ កាលពីខែឧសភាកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានចិនស៉ីនហួ (Xinhua) នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន គឺលោក ណាប៊ីល អាប៊ូ រូដេណេហ៍ (Nabil Abu Rudeineh) បានគូសបញ្ជាក់ថា «ភាគីប៉ាឡេស្ទីននឹងធ្វើឲ្យអ៉ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះការស្លាប់របស់លោកស្រី អាប៊ូ អាក់ឡេ (Abu Akleh)» និងបានអំពាវនាវឲ្យសហរដ្ឋអាមេរិក «រក្សាភាពដែលអាចគួរឱ្យជឿជាក់បានរបស់ខ្លួន»។ អ្នកនាំពាក្យរូបនោះ បានបន្តថា «យើងនឹងបន្តសំណុំរឿងនៃការធ្វើឃាតលោកស្រី Abu Akleh នៅឯតុលាការអន្តរជាតិ ជាពិសេសនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ»។
គួរបញ្ជាក់ថា ក្រោយការធ្វើតេស្តលើគ្រាប់កាំភ្លើង ដែលបានបាញ់សម្លាប់ លោកស្រី Abu Akleh ជាពលរដ្ឋអាមេរិកដើមកំណើតប៉ាឡេស្ទីន ដែលប្រព្រឹត្តទៅក្រោមវត្តមានក្រុមអ្នកជំនាញមកពីអាមេរិក លទ្ធផលបានបង្ហាញថា ការបាញ់ប្រហារមកពីខាងអ៉ីស្រាអែល ទំនងជាមូលហេតុដែលបណ្តាលឱ្យលោកស្រី Abu Akleh បាត់បង់ជីវិត ប៉ុន្តែមិនមានការរកឃើញថា ការបាញ់សម្លាប់នេះគឺជា ទង្វើដោយចេតនារបស់អ៉ីស្រាអែលនោះទេ៕