(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា អ្នកកាសែតរបស់បណ្តាញព័ត៌មាន Al Jazeera ទំនងជា ត្រូវបានសម្លាប់ដោយគ្រាប់កំាភ្លើងរបស់អ៉ីស្រាអែល ប៉ុន្តែអាចជាសកម្មភាពដោយអចេតនា។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។
ក្រុមអ្នកស៉ើបអង្កេតឯករាជ្យនៅមិនទាន់អាចសន្និដ្ឋានបានច្បាស់លាស់ អំពីប្រភពដើម ឬទីតាំងជាក់លាក់ដែលបានវាយប្រហារលោកស្រី អាប៊ូ អាកឡេហ៍ (Abu Akleh) បាននោះទេ។ បើតាមអ្នកសម្របសម្រួលនៃទីភ្នាក់ងារសន្តិសុខអាមេរិក (USSC) បន្ទាប់ពីធ្វើសេចក្តីសង្ខេបលើ ការស៉ើបអង្កេតដោយកងកម្លាំងអ៉ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន បានសន្និដ្ឋានថាការបាញ់ប្រហារលើអ្នកកាសែតរូបនេះគឺចេញពីទាហាន អ៉ីស្រាអែល ដូច្នេះអ៉ីស្រាអែលនឹងត្រូវទទួលខុសត្រូវចំពោះការស្លាប់នេះ។
យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានបន្ថែមថា «USSC មិនបានរកឃើញហេតុផលណាមួយដែលបង្ហាញថា វាជាចេតនារបស់អ៉ីស្រាអែលនោះទេ ប៉ុន្តែលទ្ធផលបង្ហាញថា សោកនាដកម្មនេះកើតឡើងកំលុងប្រតិបត្តិការយោធាប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន»។
គួរបញ្ជាក់ថា លោកស្រី អាប៊ូ អាកឡេហ៍ ជាពលរដ្ឋអាមេរិកដើមកំណើតប៉ាឡេស្ទីន ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កំលុងការវាយឆ្មក់របស់អ៉ីសា្រអែល នៅក្នុងតំបន់វ៉េសបែង (West Bank)៕