(ឈីកាហ្កោ)៖ មនុស្សយ៉ាងហោច ៦នាក់បានស្លាប់ និង ២៦នាក់ផ្សេងទៀត បានរងរបួសនៅពេលខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារលើក្បួនព្យុហយាត្រា ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិអាមេរិក នៅជាយទីក្រុងឈីកាហ្កោ នៃរដ្ឋអ៉ីលីណយ (Illinois) កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។
បើតាមមន្ត្រីប៉ូលិស កាំភ្លើងវែងមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ ហើយក្នុងចំណោមមនុស្ស ២៦នាក់ មាន២៥នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ដោយក្នុងនោះ ក៏មានកុមារមានអាយុចន្លោះពី៤ ទៅ ៥ឆ្នាំផងដែរ។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែលជា ១០៖១៥នាទីព្រឹក ដោយខ្មាន់កាំាភ្លើងធ្វើសកម្មភាពបាញ់ប្រហារចេញពីលើដំបូលហាងទំនិញមួយ។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍បាញ់ប្រហារនេះ ប៉ូលិសអាមេរិកបានប្រកាសថាពួកគេបានចាប់ខ្លួនជនសង្ស័យម្នាក់មានអាយុ ២២ឆ្នាំ និងត្រូវបានគេបញ្ជាក់ ថាមានឈ្មោះ រ៉ូបឺត គ្រីម៉ូ (Robert E. Crimo III)។ ប៉ុន្តែ ភ្លាមៗ ប៉ូលិសមិនទាន់អាចបញ្ជាក់ពីហេតុផលនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ៕