(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បាននិយាយថា អាល្លឺម៉ង់កំពុងពិភាក្សាអំពី ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្រោយពេលចប់សង្រ្គាម ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែវានឹងមិនដូចគ្នាទៅនឹង សម្រាប់សមាជិករបស់អង្គការ NATO ផ្ទាល់ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ARD លោកអធិការបតីអាល្លឺម៉ង់ បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងកំពុងពិគ្រោះយោបល់គ្នា ជាមួយបណ្តាមិត្តជិតស្និទ្ធ អំពីបញ្ហានៃការធានាសន្តិសុខ ដែលយើងអាចឱ្យទៅអ៊ុយក្រែន។ នេះគឺជាដំណើរការដែលកំពុងតែបន្តប្រព្រឹត្តទៅ ហើយច្បាស់ណាស់ថា វានឹងមិនដូចជាគ្នាទៅនឹង អ្នកដែលជាសមាជិករបស់ NATO ផ្ទាល់ឡើយ»។
គួរបញ្ជាក់ថា លោក Scholz ដែលបានឡើងកាន់តំណែងជា អធិការបតីអាល្លឺម៉ង់ កាលពីខែធ្នូ ឆ្នាំ២០២១ បានទទួលរងការរិះគន់ ទាំងនៅក្នុងនិងក្រៅប្រទេសថា រូបលោកបរាជ័យក្នុងការបង្ហាញភាពជាអ្នកដឹកនាំ នៅក្នុងវិបត្តិអ៊ុយក្រែន។ ដោយឡែក កំលុងកិច្ចប្រជុំកំពូលរបស់ NATO កាលពីចុងខែកក្កដាកន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ទើបតែបានទទូចជាថ្មីអំពីការចង់បាន ការធានាសន្តិសុខសម្រាប់ប្រទេសលោក ពីសំណាក់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ផងដែរ៕