(ឡុងដ៏)៖ ក្រសួងការបរទេសអង់គ្លេសបានឲ្យដឹងថា ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនៅឆ្នាំ២០២៣ ដែលផ្តោតលើការជួយអ៊ុយក្រែនឲ្យងើបឡើងវិញពីការខូចខាត ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៉ី ខណៈដែលពេលនេះប្រទេសនានា កំពុងប្រមូលផ្តុំគ្នានៅឯប្រទេសស្វីស សម្រាប់ការរៀបចំព្រឹត្តិការណ៍នាឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។
សន្និសីទស្តីពីការស្តារអ៊ុយក្រែន ហៅកាត់ថា URC2022 បានចាប់ផ្តើមនៅថ្ងៃចន្ទនេះ ក្នុងទីក្រុងលូហ្កាណូ (Lugano) ប្រទេសស្វីស ដោយក្រុមគណៈប្រតិភូអ៊ុយក្រែន រួមជាមួយតំណាងប្រទេសដ៏ទៃទៀត ក៏ដូចជាអង្គការអន្តរជាតិនិងសង្គមស៉ីវិល នឹងពិភាក្សាគ្នាអំពីវិធីសាស្រ្តកសាងអ៊ុយក្រែនឡើងវិញ។ ដោយឡែកចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែន និងដៃគូរផ្សេងទៀត ហើយនឹងដើរតួនាទីជាអ្នកសម្របសម្រួលរវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្តដើម្បីចាត់វិធានការស្តារប្រទេសឡើងវិញ។
រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លីស ទ្រូស (Liz Truss) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានដឹកនាំកិច្ចគាំទ្រសម្រាប់អ៊ុយក្រែនកំលុងពេលមានសង្រ្គាម ហើយនឹងបន្តដឹកនាំផែនការកសាង និងអភិវឌ្ឍន៍ឡើងវិញរបស់រដ្ឋាភិបាលទីក្រុងកៀវផងដែរ។ ការងើបឡើងវិញពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នឹងក្លាយជានិមិត្តរូបនៃអំណាចលទ្ធិប្រជាធិបតេយ្យ ហើយបង្ហាញថាការប៉ុនប៉ងរបស់រុស្ស៉ីដើម្បីបំផ្លាញអ៊ុយក្រែន គឺបានត្រឹមតែបង្កើតឱ្យមានប្រជាជាតិមួយ កាន់តែរឹងមាំនិងរីកចម្រើនជាងមុន»។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានសន្យាថានឹងប្រើប្រាស់ជំនាញផ្នែកហិរញ្ញាវត្ថុរបស់ខ្លួន ដើម្បីជួយទាក់ទាញការវិនិយោគចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយថែមទាំងបានយល់ព្រមក្នុងការផ្តល់ការធានាតម្លៃ ១.៥ពានលានដុល្លារ ក្នុងគម្រោងកម្ចីពហុភាគី ក៏ដូចជាជំនួយទ្វេរភាគី ចំនួន១២០លានដុល្លារផងដែរ៕