(ឡុងដ៍)៖ អ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៉ីម្នាក់ជំនាញខាងឡាស៊ែរ ដែលត្រូវបានចាប់ខ្លួននៅឯតំបន់ស៉ីបេរី (Siberia) កាលពីសប្តាហ៍មុន ក្រោមការសង្ស័យ ទោសក្បត់ជាតិ ហើយត្រូវបានបញ្ជូនតាមជើងហោះហើរ ទៅកាន់ទីក្រុងមូស្គូ ក្នុងស្ថានភាពជំងឺមហារីកលំពែងធ្ងន់ធ្ងរនោះ បានបាត់បង់ជីវិតហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។
មេធាវី និងសមាជិកគ្រួសារ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា រូបវិទូ លោក ឌីមីទ្រី កូលកឺ (Dmitry Kolker) អាយុ៥៤ឆ្នាំ ត្រូវបាន នាំចេញពីមន្ទីរពេទ្យ និងបញ្ជូនតាមជើងហោះហើររយៈពេល ៤ម៉ោង ទៅកាន់ពន្ធនាគារតំបន់ ឡេហ្វូតូវ៉ូ (Lefortovo) ហើយក៏បានស្លាប់នៅពេលបញ្ជូនដល់ មន្ទីរពេទ្យក្បែរនោះ។ បងប្អូនជីដូនមួយរបស់លោកបានប្រាប់ Reuters ពីសហរដ្ឋអាមេរិកថា ការចោទប្រកាន់ដែលថាលោក កូលកឺ បានផ្តល់ព័ត៌មានសម្ងាត់ ទៅឲ្យរដ្ឋាភិបាលចិន គឺមិនសមហេតុផល «ការចោទប្រកាន់ខាងលើនេះពិតជាគួរឲ្យអស់សំណើច និងឃោរឃៅបំផុត ខណៈរដ្ឋាភិបាលរុស្ស៉ីដឹងថាលោក កំពុងសម្រាកនៅលើគ្រែពេទ្យទៅហើយនោះ»។
គួរបញ្ជាក់ថា បើតាមក្រុមគ្រួសារ និងមេធាវីរបស់លោក កូលកឺ ផ្ទះរបស់គាត់ត្រូវបានឆែកឆេរ ដោយនាយកដ្ឋានស៉ើបអង្កេត (FSB) នៃទីភ្នាក់ងារសន្តិសុខ សហព័ន្ធរុស្ស៉ី ហើយការចោទប្រកាន់ពីបទក្បត់ជាតិដែលប្រឈមនឹងទោសជាប់ពន្ធនាគារ ២០ឆ្នាំ គឺផ្អែកលើការបង្រៀនរបស់លោកដល់សិស្សនៅក្នុង ប្រទេសចិន។ ទោះយ៉ាងណា Reuters មិនទទួលបានការឆ្លើយតបទៅនឹងសំណើបញ្ជាក់ជុំវិញការលើកឡើងខាងលើនេះពី FSB នោះទេ៕