(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បានសន្យាផ្ដល់ជំនួយយោធាបន្ថែមឱ្យអ៊ុយក្រែន បន្ទាប់ពី លោកបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។
លោក អាល់បានីស បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ក្នុងទីក្រុងកៀវ កំលុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានលើកឡើងដែរថាអ្វីដែលបានកើតឡើងនៅក្នុងទីប៊ូចា (Bucha) និងអៀពីន (Irpin) គឺជាឧក្រិដ្ឋកម្មសង្រ្គាម ហើយថាប្រទេសរបស់លោកនឹងផ្ដល់ជំនួយយោធាបន្ថែមចំនួន ៦៨លានដុល្លារ ក្នុងនោះរួមមាន ទាំងយន្ដហោះដ្រូន និងរថពាសដែកស៊េរីទំនើប ៣៤គ្រឿង។
គួរបញ្ជាក់ថា ក្រៅតែពីផ្ដល់ជំនួយបន្ថែម លោក អាល់បានីស បានប្រកាសដាក់ទណ្ឌកម្ម និងបម្រាមធ្វើដំណើរលើរដ្ឋមន្ត្រី និងសេដ្ឋីរុស្ស៉ីចំនួន ១៦រូប ព្រមទាំងហាមឃាត់ការនាំចូលមាសពីរុស្ស៉ីផងដែរ៕