(ឡុងដ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថាប្រទេសរបស់លោកបានឈរនៅ ពីក្រោយគាំទ្រុរស្ស៉ី យ៉ាងពេញទំហឹងនៅក្នុងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពាន ចំពោះមុខ ការបារម្ភថាទីក្រុងមីនស្កិ៍ អាចនឹងលូកដៃដោយផ្ទាល់ក្នុងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។
ការកត់សម្គាល់ខាងលើរបស់លោក លូកាសិនកូ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយរំឮកខួបនៃការរំដោះទីក្រុងមីនស្កិ៍ដោយកងទ័ពសូវៀត អំឡុងសង្រ្គាម លោកលើកទី២។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីបេឡារុសរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ យើងកំពុងទទួលរងការរិះគន់ដែលជាប្រទេស តែមួយគត់ នៅលើពិភពលោកគាំទ្ររុស្ស៉ី នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកណាហ្ស៉ី។ យើងគាំទ្រ ហើយនឹងបន្តគាំទ្ររុស្ស៉ី»។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក បេឡារុស ត្រូវបានគេសង្ស័យថាអាចនឹងចូលជួយរុស្ស៉ី តែលោក លូកាសិនកូផ្ទាល់ក៏ធ្លាប់បាន អះអាងជាច្រើនលើកដែរថាប្រទេសរបស់លោកនឹងមិនចូលរួមនោះឡើយ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី យល់ថា ការលើកឡើងរបស់លោក លូកាសិនកូ បានបង្ហាញ «ជាសញ្ញាមួយ» ហើយសកម្មភាពរបស់លោកគួរតែត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈ ក្រុមមន្ត្រីអ៊ុយក្រែន ជឿថាបេឡារុសអាចនឹងចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមឆាប់ៗនេះ៕