(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ទីក្រុងមូស្គូបានដណ្តើមយកទីក្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន Lysychansk ហើយឥឡូវនេះបានគ្រប់គ្រងទាំងស្រុង លើតំបន់ Lugansk ដែលជាគោលដៅនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា «លោក Sergei Shoigu បានជូនដំណឹងដល់អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Vladimir Putin អំពីការរំដោះសាធារណរដ្ឋប្រជាមានិត Lugansk»។
សេចក្តីថ្លែងការណ៍បាននិយាយថា កងកម្លាំងរុស្ស៊ី និងសម្ព័ន្ធមិត្តផ្តាច់ខ្លួនរបស់ពួកគេបាន «គ្រប់គ្រងទាំងស្រុងលើទីក្រុង Lysychansk និងទីប្រជុំជនក្បែរនោះផ្សេងទៀត ជាពិសេស Belogorovka, Novodruzhesk, Maloryazantseve និង Bila Hora»។
គួរបញ្ជាក់ថា ប៉ុន្មាននាទីមុនការប្រកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការប្រយុទ្ធគ្នាកំពុងបន្តនៅក្នុងទីក្រុង Lysychansk ហើយកងកម្លាំងអ៊ុយក្រែនត្រូវបានឡោមព័ទ្ធទាំងស្រុង៕