(ហុងកុង)៖ សមាជិកសភាហុងកុងម្នាក់ ដែលបានចូលរួមថតរូបជាក្រុមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំលុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង នៅក្នុងសប្ដាហ៍នេះ ត្រូវបានគេបញ្ជាក់ថាឆ្លងកូវីដ១៩ នៅថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២។
លោក ស្ទេវិន ហូ (Steven Ho) មានអាយុ៤២ឆ្នាំ គឺជាមនុស្សម្នាក់ នៅក្នុងចំណោមមន្ត្រីហុងកុងចំនួន១០០នាក់ ដែលទទួលបានការអនុញាតចូលរួមថតរូបជាក្រុម ជាមួយលោក ស៊ី ជិនពីង កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ លោក ហូ បានឈរនៅជួរទី២ នៅពីក្រោយលោក ស៊ី ជិនពីង ហើយរូបលោកបានធ្វើតេស្ដ ចេញលទ្ធផល «អវិជ្ជមាន» នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ក៏ប៉ុន្តែកាលពីថ្ងៃសុក្រ លទ្ធផលតេស្ដស្រាប់តែមិនមានភាពជាក់លាក់ទៅវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សមាជិកសភាហុងកុងរូបនេះ បានបញ្ជាក់ថា «ការធ្វើតេស្ដកាលពីថ្ងៃទី១ ខែកក្កដា បង្ហាញពីកម្រិតឆ្លងទាបបំផុតដែលត្រូវបាន ចាត់ទុកជាលទ្ធផលមិនច្បាស់លាស់ ប៉ុន្តែដោយសារបារម្ភពីសន្តិសុខសាធារណៈ ខ្ញុំមិនបានចូលរួមក្នុងព្រឹត្តិការណ៍ណាមួយឡើយ នៅថ្ងៃដដែលនេះ»។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង កាលពីថ្ងៃទី១ ខែកក្កដានេះ ដើម្បីចូលរួមក្នុងខួបលើកទី២៥ ដែលអង់គ្លេសប្រគល់ ទីក្រុងហុងកុង មកឱ្យចិនគ្រប់គ្រងវិញ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅចិនដីគោកផងដែរ ចាប់តាំងពីការឆ្លងរាតត្បាតកូវីដ១៩ មក៕