(បេរូត)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀអាប់ឌុលឡាហ៊ីយ៉ាន (Hossein Amirabdollahian) បាននិយាយថាប្រទេសរបស់លោកកំពុងព្យាយាម ស្វែងរកដំណោះស្រាយនយោបាយមួយ ដើម្បីទប់ស្កាត់កុំឱ្យតួកគី វាយលុកលើតំបន់ភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២។
លោក ហូសេន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីស៊ីរីរបស់លោក នាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីក្រុងដាម៉ាស់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ លោក ហូសេន បានគូសបញ្ជាក់ដូច្នេះថា «យើងបានប្រកាសពីការត្រៀមលក្ខណៈរបស់យើង ក្នុងការស្វែងរកដំណោះស្រាយ នយោបាយ និងការត្រៀមលក្ខណៈរបស់យើង ដើម្បីជួយសម្រេចគោលដៅនេះ»។ លោកបន្ថែមថា អ៉ីរ៉ង់ក៏នឹងបង្កើនផងដែរនូវកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ កុំឱ្យមានប្រតិបត្តិការយោធា កើតឡើងនៅភាគខាងជើងប្រទេសស៊ីរី។
គួរបញ្ជាក់ថា តួកគី កាលពីពេលថ្មីៗនេះបានសន្យាថានឹងបើកការវាយលុកសាជាថ្មី លើតំបន់ភាគខាងជើងប្រទេសស៊ីរី ដើម្បីបោសសម្អាតក្រុមអ្នកប្រយុទ្ធឃើដ ដែលទីក្រុងអង់ការ៉ា ចាត់ទុកថាជាអង្គការភេរវកម្ម៕