(វ៉ាស៊ីនតោន)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងថាខ្លួនបានស្ទាក់ និងបំផ្លាញយន្ដហោះដ្រូនចំនួន៣គ្រឿងរបស់ក្រុមហេសប៊ូលឡា (Hezbollah) នៅក្នុងប្រទេស លីបង់ ដែលហោះតម្រង់ទៅកាន់ទីតាំងរុករកឧស្ម័នមួយកន្លែងរបស់អ៉ីស្រាអែល នៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ យោធាអ៉ីស្រាអែលបានបញ្ជាក់ដូច្នេះថា «យន្ដហោះដ្រូនបច្ចាមិត្តចំនួន ៣គ្រឿង បានហោះចូលកៀក ដែនអាកាសពីលើតំបន់ដែនទឹកសេដ្ឋកិច្ចអ៉ីស្រាអែល ហើយហោះតម្រង់ទៅរកតំបន់រុករកឧស្ម័ន ការីស (Karish)»។ យោធាអ៉ីស្រាអែល បានបន្ថែមថាយន្ដហោះដ្រូនទាំង៣គ្រឿងនេះមិនមានបំពាក់អាវុធ ឬក៏បង្កការគំរាមកំហែងភ្លាមៗនោះទេ ប៉ុន្តែពួកគេបានសម្រេចចិត្តបាញ់ទម្លាក់យន្តហោះដ្រូន ទាំងនេះ។
គួរបញ្ជាក់ថា នៅដើមខែកក្កដានេះ អ៉ីស្រាអែលបានប្រកាសថាខ្លួនបានដំឡើងទីតាំងរុករកឧស្ម័ន នៅឯតំបន់ Karish ដែលទីក្រុងតែលអាវីវ បានអះអាងថាជាផ្នែក មួយនៃតំបន់ដែនទឹកសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។ ប៉ុន្តែ លីបង់ក៏បានអះអាងថាតំបន់នេះជាសកម្មសិទ្ធិរបស់ខ្លួនដែរ៕