(មូស្គូ)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថាអ៊ុយក្រែនបានព្យាយាមវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ លើមូលដ្ឋានយោធានៅក្នុងទឹកដីបេឡារុស កាលពីជាង៣ថ្ងៃមុន ប៉ុន្តែមីស៊ីលទាំងនោះត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២។
ការអះអាងខាងលើរបស់លោក លូកាសិនកូ ត្រូវបានដកស្រង់សម្ដីចុះផ្សាយដោយសារព័ត៌មានបេឡារុសបែលតា (Belta) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ នេះ។ ប្រធានាធិបតីបេឡារុសរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ពួកគេ (អ៊ុយក្រែន) កំពុងរករឿងពួកយើង...កាលពីជាង៣ថ្ងៃមុន មានការប៉ុនប៉ងមួយ ក្នុងការវាយប្រហារលើមូលដ្ឋានយោធាក្នុងទឹកដីបេឡារុស ចេញពីទឹកដីអ៊ុយក្រែន។ ប៉ុន្តែ ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំងប៉ាន់សៀរ (Pantsir) បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលទាំងអស់ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក អាឡិចហ្សាន់ឌឺ លូកាសិនកូ មិនបានបង្ហាញភស្តុតាងដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការអះអាងរបស់លោកឡើយ ហើយថាបេឡារុស មិនចង់មានសង្រ្គាមជាមួយអ៊ុយក្រែនឡើយ ប៉ុន្តែ នឹងប្រយុទ្ធភ្លាមៗប្រសិនបើទឹកដីរបស់ខ្លួនរងការឈ្លានពានណាមួយ៕