(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌា បានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ ចំនួនអ្នកស្លាប់ ដោយសារគ្រោះបំណាក់ដីធំមួយ នៅរដ្ឋ ម៉ានីពួរ (Manipur) ភាគឦសាននៃប្រទេសឥណ្ឌា បានបន្តកើនដល់២៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។
គ្រោះរអិលបាក់ដីខាងលើបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយវាបានវាយប្រហារចំ ជំរំការដ្ឋានសាងសង់ផ្លូវដែក ទូពុល (Tupul) ស្ថិតក្នុងស្រុក ណូនី (Noney)។ នៅថ្ងៃសៅរ៍នេះ ស្ថានីយវិទ្យុឥណ្ឌា All India Radio បានរាយការណ៍យ៉ាងដូច្នេះថា «នៅរដ្ឋ Manipur សាកសព៦នាក់ទៀត ទើបតែត្រូវបានរកឃើញនៅព្រឹកនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២៧នាក់»។
គួរបញ្ជាក់ថា ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ នៅតែបន្តប្រព្រឹត្តទៅក្នុងថ្ងៃទី៣នេះ ហើយក៏មានសេចក្តីរាយការណ៍អំពី គ្រោះបំណាក់ដីថ្មីមួយផ្សេងទៀត នៅតំបន់កើតហេតុខាងលើផងដែរ ប៉ុន្តែវាមិនបានបង្កការបំផ្លិចបំផ្លាញ ឬបណ្តាលឱ្យមាន មនុស្សរងគ្រោះថ្នាក់បន្ថែមឡើយ៕