(កូប៉ិនហាក)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីបង្កើនកិច្ចប្រឹងប្រែងទប់ស្កាត់ ការរាតត្បាតនៃជំងឺអុតស្វា (Monkeypox) នៅតំបន់អឺរ៉ុប ជាមួយការកត់សម្គាល់គួរឱ្យបារម្ភថា ករណីឆ្លងនៅទីនោះ បានកើនក្នុងកម្រិតដល់ទី៣ដង កំលុងពេល២សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។
នាយក WHO ប្រចាំតំបន់អឺរ៉ុប លោក ហាន ហេនរី គ្លូហ្គ (Hans Henri Kluge) បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំសូមអំពាវនាវ ឱ្យកាន់តែលឺថែមទៀតដល់បណ្តារដ្ឋាភិបាល និងសង្គមស៉ីវិលទាំងអស់ ឱ្យបង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេ ក្នុងការទប់ស្កាត់កុំឱ្យ ជំងឺអុតស្វាពង្រីកខ្លួនវាកាន់តែច្រើនទៅៗ នៅក្នុងតំបន់។ សកម្មភាពជាបន្ទាន់និងរួមគ្នា គឺជារឿងចាំបាច់ ប្រសិនបើពួកយើងចង់ ឱ្យការឆ្លងរាលដាលនៃជំងឺនេះ នាពេលបច្ចុប្បន្ន ត្រឡប់ថយចុះទៅវិញ»។
គួរបញ្ជាក់ថា ចាប់តាំងពីដើមខែឧសភាមក ករណីឆ្លងជំងឺអុតស្វាជាច្រើន ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅក្រៅក្រុមប្រទេស នៃតំបន់អាហ្រ្វិកខាងលិចនិងកណ្តាល ជាទីដែលជាធម្មតាសម្បូរជំងឺនេះ។ ចាប់តាំងពីពេលនោះ បើតាមលោក Kluge ប្រហែល៩០ភាគរយ នៃករណីឆ្លងសរុប នៅលើពិភពលោក ឬស្មើនឹង៤,៥០០ករណី គឺស្ថិតនៅអឺរ៉ុបផ្ទាល់ ខណៈប្រទេសនិងដែនដីសរុបចំនួន៣១ហើយ បានរាយការណ៍ពីជំងឺនេះ។ យ៉ាងណាក៏ដោយ WHO បានសម្រេចមិនទាន់ចាត់ទុក ជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈ ជាសកលនៅឡើយទេ ប៉ុន្តែនឹងពិនិត្យគោលជំហររបស់ខ្លួនឡើងវិញ នៅពេលក្រោយ៕