(ប៊ុយណូស៊ែ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាហ្សង់ទីន បានឱ្យដឹងថា ពីឡុត២នាក់, គិលានុបដ្ឋាយិកាម្នាក់ និងវេជ្ជបណ្ឌិតម្នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយពីយន្តហោះសង្រ្គោះបន្ទាន់របស់ពួកគេ បានធ្លាក់នៅព្រលានយន្តហោះមួយកន្លែង ក្នុងទីក្រុងរីយ៉ូហ្ក្រាន់ដេ (Rio Grande) ភាគខាងត្បូងប្រទេសអាហ្សង់ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន តេឡាម (Telam) បានរាយការណ៍ថា យន្តហោះខាងលើ ដែលមានប្រភេទ Learjet 35A បានធ្លាក់ទៅបុកដី ក្រោយហោះឡើងបានតែបន្តិច កាលពីរសៀលថ្ងៃសុក្រ ហើយបានបង្កជាបន្ទុះដ៏ខ្លាំងសម្បើមមួយ។ យន្តហោះនោះ ស្ថិតក្នុងបេសកកម្មសង្រ្គោះបន្ទាន់ ដោយបានដឹកអ្នកជំងឺម្នាក់ ទៅកាន់ទីក្រុងរីយ៉ូ ហ្ក្រាន់ដេ (Rio Grande) ហើយត្រៀមលក្ខណៈដើម្បីត្រឡប់ទៅកាន់ រដ្ឋធានី ប៊ុយណូស៊ែ (Buenos Aires) វិញ។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍ខាងលើ អាជ្ញាធរអាហ្សង់ទីន បាននិងកំពុងបើកការស៉ើបអង្កេត ដើម្បីកំណត់រកមូលហេតុ ដែលបណ្តាលឱ្យធ្លាក់យន្តហោះនោះផងដែរ៕