(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្មីគឺ លោក អាន់តូនី អាល់បានីស ថា រូបលោកចង់ផ្តោតសំខាន់ទៅលើអនាគត ស្របពេលដែលមេដឹកនាំទាំងពីរ កំពុងព្យាយាមស្តារឡើងវិញនូវទំនាក់ទំនង ដែលបានជួបភាពល្អក់កករ ដោយសារតែការសម្រេចចិត្ត របស់អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន ក្នុងការលុបចោល កិច្ចព្រមព្រៀងទិញនាវាមុជទឹក ជាមួយទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក ម៉ាក្រុង បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក អាល់បានីស នៅវិមានអេលីហ្សេ ក្នុងទីក្រុងប៉ារីស ហើយអ្នកទាំងពីរ ត្រូវបានក្រុមអ្នកកាសែតសួរថា តើភាគីអូស្រ្តាលីគួរតែសុំទោសភាគីបារាំង ដែរឬយ៉ាងណា ជុំវិញវិវាទរឿងនាវាមុជទឹក។ លោក ម៉ាក្រុង ក៏បានឆ្លើយតប «គាត់ (លោក អាល់បានីស) មិនមែនជាអ្នកទទួលខុសត្រូវ សម្រាប់អ្វីដែលបានកើតឡើងនោះទេ។ ចាប់ពីពេលនេះ យើងនឹងនិយាយតែ អំពីអនាគតប៉ុណ្ណោះ មិនមែនអតីតកាលឡើយ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តលោកខាងលិចទាំងពីរ បានធ្លាក់ចុះដុនដាបខ្លាំង កាលពីខែតុលា ឆ្នាំ២០២១ នៅពេលដែល អូស្រ្តាលីបានលុបចោល កម្មវិធីទិញនាវាមុជទឹកពីបារាំង ដែលមានតម្លៃរាប់ពាន់លានដុល្លារ ហើយងាកទៅរកគម្រោងអភិវឌ្ឍនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកនិងអង់គ្លេសវិញ។
ការសម្រេចចិត្តរបស់ទីក្រុងកង់បេរ៉ា បានធ្វើឱ្យទីក្រុងប៉ារីសមិនពេញចិត្តជាខ្លាំង។ ពេលនោះ លោក ម៉ាក្រុង បានប្រតិកម្មទាំងខឹងសម្បារ ដោយបានកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអូស្រ្តាលីមកវិញ ព្រមទាំងចោទលោក ស្កុត ម៉ូរីសុន ដែលកាលណោះ នៅជានាយករដ្ឋមន្រ្តីអូស្រ្តាលីថា និយាយភូតកុហក ខណៈរដ្ឋមន្រ្តីការបរទេសបារាំង បានលើកឡើងថា អូស្រ្តាលីបានយកកាំបិត ចាក់សម្ព័ន្ធមិត្តខ្លួនពីក្រោយខ្នង ថែមទៀត៕