(កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ន័រវែសបានសន្យាផ្តល់ថវិកាសរុបចំនួន ១ពាន់លានអឺរ៉ូ (១.០៤ពាន់លានដុល្លារអាមេរិក) ដើម្បីជួយអ៊ុយក្រែនការពារខ្លួនទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៉ី ព្រមទាំងដើម្បីគាំទ្រដល់ប្រជាជនដែលជួបទុក្ខលំបាក ហើយនិងសម្រាប់កិច្ចប្រឹងប្រែងស្ថាបនាប្រទេសឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងកំលុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯទីក្រុងកៀវ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាយករដ្ឋមន្រ្តីន័រវែស លោក យ៉ូណាស ហ្កាស្តូរេ (Jonas Gahr Stoere) បាននិយាយថា ន័រវែសចង់បង្ហាញសាមគ្គីរបស់ខ្លួន ជាមួយការខិតខំតស៊ូប្រយុទ្ធ ដើម្បីសិទ្ធិរស់រានរបស់អ៊ុយក្រែន។
លោក ហ្កាស្តូរេ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមកកាន់ទីនេះដើម្បីនិយាយថា ការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែន មិនត្រឹមសម្រាប់ តែអ៊ុយក្រែនផ្ទាល់ប៉ុណ្ណោះទេ។ នេះគឺពាក់ព័ន្ធអំពី គោលការណ៍គ្រឹះមួយចំនួននៃភពលោក ដែលយើងនឹងផ្តល់ឱ្យក្មេងៗជំនាន់ក្រោយ។ នេះគឺពាក់ព័ន្ធអំពីសន្តិសុខនៅអឺរ៉ុបទាំងមូល ហើយនេះក៏ពាក់ព័ន្ធនឹងជោគវាសនា នៃប្រទេសជិតខាងរបស់អ្នកផងដែរ»។
ជាចុងក្រោយ លោកនាយករដ្ឋមន្រ្តីន័រវែស បានសន្យាផ្តល់ថវិកាសរុប ១ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសនិងប្រជាជនអ៊ុយក្រែន សម្រាប់ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ ហើយលោកបានសង្កត់ធ្ងន់ថា សង្រ្គាមសព្វថ្ងៃគឺបំពានច្បាប់អន្តរជាតិ ខណៈអ៊ុយក្រែនមានសិទ្ធិការពារខ្លួនឯង ហើយន័រវែសមានសិទ្ធិក្នុងការជួយអ៊ុយក្រែនការពារខ្លួន៕