(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី TASS នៅថ្ងៃសុក្រនេះបានរាយការណ៍ថា អាជ្ញាធររុស្ស៉ីបានចាប់ខ្លួន អ្នកវិទ្យាសាស្រ្តម្នាក់នៅតំបន់ ស៉ីបេរី (Siberia) ក្រោមការសង្ស័យទោសក្បត់ជាតិ ដោយសារតែសហការជាមួយ បណ្តាញស៉ើបការណ៍សម្ងាត់របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។
អ្នកវិទ្យាសាស្រ្តខាងលើ មានឈ្មោះថា ឌីមីទ្រី កូលកឺ (Dmitry Kolker) គឺជាអ្នកជំនាញមួយរូបខាងផ្នែករូបវិទ្យានិងគណិតវិទ្យា នៅឯសាកលវិទ្យាល័យ Novosibirsk State University។ បើតាមសមាជិកគ្រួសាររបស់លោក លោក Kolker ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពី បទសហការជាមួយ បណ្តាញស៉ើបការណ៍សម្ងាត់របស់ចិន។
កន្លងមក អ្នកវិទ្យាសាស្រ្តរុស្ស៉ីរូបនេះ ធ្លាប់បានទៅផ្តល់បាឋកថា នៅឯសន្និសីទអន្តរជាតិមួយ ដែលរៀបចំឡើងក្នុងប្រទេសចិន ហើយឥឡូវរូបលោក ត្រូវបានបញ្ជូនខ្លួន ទៅកាន់ពន្ធនាគារមួយកន្លែង ក្នុងទីក្រុងមូស្គូ។ បើតាមកូនស្រីលោក លោក Kolker ក៏ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមាន ជំងឺមហារីកដំណាក់កាលទី៤ ផងដែរ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្រ្តរុស្ស៉ីជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីទោសក្បត់ជាតិ ដោយសារជាប់សង្ស័យ លួចផ្តល់ការណ៍សម្ងាត់ផ្សេងៗ ឱ្យទៅភ្នាក់ងារបរទេស។ យ៉ាងណាមិញ ក្រុមអ្នកប្រឆាំងវិមានក្រឹមឡាំង បាននិយាយថា តាមពិតការចាប់ខ្លួនទាំងនោះ ភាគច្រើនកើតចេញមកពីការភ័យខ្លាច ដែលគ្មានមូលដ្ឋានរឹងមាំច្បាស់លាស់៕