(បាងកក)៖ នាថ្ងៃសុក្រនេះ ប្រទេសថៃបានឱ្យដឹងថា ភាគីមីយ៉ាន់ម៉ា បានចេញមុខសុំទោសរួចរាល់ហើយ ក្រោយយន្តហោះចម្បាំង ១គ្រឿង របស់មីយ៉ាន់ម៉ា បានហោះចូលដែនអាកាសរបស់ថៃ កំលុងប្រតិបត្តិការទម្លាក់គ្រាប់បែក នៅតាមបណ្តោយព្រំដែន ដែលនាំឱ្យកងទ័ពអាកាសថៃ ត្រូវចល័តយន្តហោះចម្បាំងរបស់ខ្លួន ទៅកាន់តំបន់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ប្រទេសថៃមិនចង់ឱ្យឧប្បត្តិហេតុខាងលើ ដែលបានកើតឡើងកាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងដែនអាកាសនៃស្រុក ផុប ប្រា (Phop Phra) ខេត្តតាក (Tak) ក្លាយជាទំនាស់ធំដំអ្វីនោះឡើយ។ បើតាមឃ្លីបវីដេអូដែល AP ទទួលបាន យន្តហោះចម្បាំងរបស់មីយ៉ាន់ម៉ា១គ្រឿង ហាក់មានប្រភេទជា MiG-29។
ការបំពានដែនអាកាសដោយយន្តហោះចម្បាំងមីយ៉ាន់ម៉ា បានធ្វើឱ្យអាជ្ញាធរថៃជម្លៀសខ្លួន សិស្សសាលានិងអ្នកភូមិមួយចំនួន។ រីឯកងទ័ពអាកាសថៃ ក៏បានបញ្ជូនយន្តហោះចម្បាំង F-16 ២គ្រឿង ទៅកាន់កន្លែងដែលយន្តហោះមីយ៉ាន់ម៉ា បានហោះចូលមកផងដែរ។
លោកនាយករដ្ឋមន្រ្តីថៃ បានថ្លែងដូច្នេះថា «យោធាភាគីទាំងពីរបានជជែកគ្នា ហើយពួកគេបានសុំទោសខាងយើង ខណៈក្រសួងការបរទេសនៃប្រទេសទាំងពីរ ក៏បាននិយាយគ្នាដែរ។ នេះមើលទៅប្រហែលជាករណីធ្ងន់ធ្ងរមួយ ប៉ុន្តែវាអាស្រ័យលើពួកយើង ថាតើយើងចង់ឱ្យបញ្ហានេះក្លាយជារឿងធំឬក៏អត់។ បច្ចុប្បន្នប្រទេសទាំងពីរ មានទំនាក់ទំនងយ៉ាងល្អ និងអាចជជែកគ្នា ដោយសន្តិវិធី»។ នាឱកាសនោះ លោក ប្រយុទ្ធ ក៏បានសង្កត់ធ្ងន់ទៀតថា «អ្វីដែលសំខាន់បំផុតគឺ យើងមានសមត្ថភាពរការពារ អធិបតេយ្យរបស់យើង»។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិដើម ដែលភាគច្រើនរស់នៅតាមតំបន់ព្រំដែន គឺបានបន្តមករាប់ទសវត្សរ៍មកហើយ ប៉ុន្តែការប្រយុទ្ធគ្នាបានកើនឡើងខ្លាំង ចាប់តាំងពីយោធាបានផ្តួលរំលំ រដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី ហើយឡើងកាន់អំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១៕