Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping រៀបរាប់អំពីស្មារតីមហាដំណើរ៖ រឿងរ៉ាវភួយពាក់កណ្តាល

01-07-2022 17:16

(ប៉េកាំង)៖ លោក Xi Jinping ធ្លាប់និទានពីរឿងរ៉ាវ ភួយពាក់កណ្តាល ក្នុងអំឡុងពេលកងទ័ពក្រហមធ្វើមហាដំណើរ៖

កាលពីខែវិច្ឆិកា ឆ្នាំ១៩៣៤ កងទ័ពក្រហមបានធ្វើដំណើរឆ្លងកាត់ស្រុក Lucheng ខេត្ត Hunan។ អំឡុងពេលសម្រាកក្នុងភូមិ កងទ័ពក្រហមគោរពវិន័យយ៉ាងតឹងរ៉ឹង គេងនៅក្រៅផ្ទះអ្នកភូមិ ឬគេងលើដីទទេ មិនបានប៉ះរបស់របររបស់អ្នកភូមិ ផ្ទុយទៅវិញបានជួយអ្នកភូមិធ្វើការបោសសម្អាត និងរែកដឹកទឹកជាដើម។

ដោយសារអាណិតដល់យុទ្ធជនទាំងនេះ អ្នកភូមិស្ត្រីឈ្មោះ Xu Jiexiu ក៏ដឹកដៃទាហានស្រី៣នាក់ ឱ្យទៅគេងក្នុងផ្ទះខ្លួន។ អ្នកភូមិបានរៀបគ្រែឈើទទឹង១ម៉ែត្រ២របស់ខ្លួន បានក្រាលចំបើង ថែមកៅអីវែងមួយនៅក្បែរគ្រែ រួចស្ត្រីអ្នកភូមិ និងកូនប្រុសអាយុ១ឆ្នាំរួមជាមួយ ទាហានស្រី៣នាក់ គេងលើគ្រែតូចចង្អៀតនោះ។ ពេលបានឃើញគ្រែក្រាលតែអាវចំបើង និងភួយរហែក ទាហានកងទ័ពក្រហមក៏យកភួយតែមួយគត់របស់ពួកគេ ក្រាលជាមួយគ្នា មុនចេញពីភូមិ ពួកគេបានកាត់ភួយនោះជាពីរ ដើម្បីទុកភួយពាក់កណ្តាលឱ្យស្ត្រីអ្នកភូមិ។ «អ្វីទៅជាបក្សកុម្មុយនីស្ត? គឺទោះបីជាខ្លួនមានតែភួយមួយគត់ ក៏កាត់ពាក់កណ្តាលទុកឱ្យប្រជាជនប្រើ។» ច្រើនឆ្នាំកន្លងផុតទៅ លោកយាយ Xu មិនដែលបំភ្លេចកងទ័ពក្រហមនោះទេ។

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ពេលចុះទៅត្រួតពិនិត្យការងារនៅខេត្ត Hunan លោក Xi Jinping ប្រធានរដ្ឋចិនក៏បានទៅដល់ សាលាបថមសិក្សាមួយ នៃកន្លែងកើតរឿងរ៉ាវភួយពាក់កណ្តាលនេះ។ នៅក្នុងបន្ទប់រៀនថ្នាក់ទី៤ កូនសិស្សកំពុងរៀបរាប់ពីរឿងមហាដំណើរ។ លោក Xi Jinping បានផ្តាំផ្ញើថា៖ «កូនក្មួយទាំងអស់គ្នា គួរសិក្សាអំពីរឿងរ៉ាវប្រវត្តិសាស្ត្រឱ្យល្អ ចងចាំក្នុងចិត្ត ព្រមជាមួយគ្នាក៏ត្រូវខិតខំរៀនសូត្រចំណេះដឹង និងសមត្ថភាពកសាងប្រទេសជាតិ ឱ្យល្អផងដែរ។ ឥឡូវអ្នកទាំងឡាយជាដើមឈើតូច ដល់ថ្ងៃក្រោយនឹងលូតលាស់ ក្លាយជាដើមឈើធំខ្ពស់ទល់មេឃរបស់ប្រជាជាតិ៕»

វិទ្យុមិត្តភាពកម្ពុជាចិន