(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានលើកឡើងថា ការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ជាលើកដំបូងក្នុងប្រទេសខ្លួន បានចាប់ផ្តើម ពីក្រុមប្រជាជនកូរ៉េខាងជើង ដែលបានប៉ះពាល់ជាមួយបាឡុង ដែលត្រូវបានបង្ហោះចេញពីកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។
ជាច្រើនឆ្នាំមកហើយ ក្រុមសកម្មជនកូរ៉េខាងត្បូង បាននាំគ្នាបង្ហោះបាឡុងឆ្លងព្រំដែន ដើម្បីចែកចាយខិតប័ណ្ណរាប់សែនសន្លឹក ដែលមានសរសេរភ្ជាប់នូវការរិះគន់ចំពោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយជារឿយៗ ទីក្រុងព្យុងយ៉ាង បានសម្តែងការខឹងសម្បារជាខ្លាំង ចំពោះសកម្មភាពនេះ ក៏ដូចជាចំពោះ មេដឹកនាំកូរ៉េខាងត្បូង ដែលមិនព្រមហាមឃាត់ពួកគេ។
អាជ្ញាធរសុខាភិបាលអន្តរជាតិ ធ្លាប់បាននិយាយហើយថា មេរោគកូវីដ-១៩ អាចឆ្លងរាលដាល តាមរយៈក្រុមមនុស្សនៅជិតស្និទ្ធគ្នា និងបានស្រូបយកតំណក់ដង្ហើមពីក្នុងខ្យល់ ហើយការឆ្លងភាគច្រើនកើតមាន នៅទីតាំងបិទជិត និងមានខ្យល់អាកាសចេញចូលល្អ ជាជាងនៅទីធ្លាវាលខាងក្រៅ។ ឆ្លើយតបការទម្លាក់កំហុសរបស់ទីក្រុងព្យុងយ៉ាង ក្រសួងបង្រួបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា វាមិនអាចទៅរួចទេដែលមេរោគ ត្រូវបានចម្លងពីបាឡុង ដែលបង្ហោះចេញពីកូរ៉េខាងត្បូងនោះ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅតែមានភាពតានតឹង ចំពោះមុខភាពជាប់គាំងជាយូរមកហើយ លើកិច្ចខិតខំចរចាដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យបោះបង់មហិច្ឆតានុយក្លេអ៊ែរ។ ថ្មីៗនេះ មន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានយល់ស្របដូចគ្នាថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសាកល្បងនុយក្លេអ៊ែរ ឡើងវិញគ្រប់ពេលវេលា៕