(តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេងចាង (Su Tseng-chang) នៅថ្ងៃសុក្រនេះ បាននិយាយថា សេរីភាពនៅហុងកុង បានរលាយបាត់ស្រមោលហើយ និងថាចិនមិនបានគោរពតាមពាក្យសន្យារបស់ខ្លួន សម្រាប់ទីក្រុងស្វយ័តនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ លោកនាយករដ្ឋមន្រ្តីតៃវ៉ាន់ បានលើកឡើងថា ពាក្យសន្យារបស់ចិនដែលថា អ្វីៗនឹងបន្តទៅមុខដូចធម្មតាសម្រាប់ហុងកុង ក្រោយការត្រឡប់ចូលមាតុភូមិវិញនោះ គឺមិនត្រូវបានគោរពតាមឡើយ។ លោក ស៊ូ បាននិយាយដូច្នេះថា «វាទើបតែ២៥ឆ្នាំប៉ុណ្ណោះ ខណៈពាក្យសន្យាគឺរយៈពេល ៥០ឆ្នាំ ដោយពុំមានការផ្លាស់ប្តូរ។ គ្រប់យ៉ាងបានប្រែប្រួល សូម្បីតែសេរីភាពនិងប្រជាធិបតេយ្យ គឺបានរលាយបាត់បង់»។
លោក ស៊ូ សេងចាង ក៏បានអំពាវនាវឱ្យមានការរក្សាការពារ អធិបតេយ្យភាព សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ផងដែរ។ ការស្ទង់មតិបង្ហាញថា នាពេលបច្ចុប្បន្ន ប្រជាជនតៃវ៉ាន់ភាគច្រើន មិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងទេ ហើយរដ្ឋាភិបាលទីក្រុងតៃប៉ិ បានបដិសេធជាដដែលៗ ចំពោះសំណើរបស់ចិន ដែលចង់ផ្តល់ឱ្យតៃវ៉ាន់ នូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដូចគ្នាទៅនឹងទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានប្រគល់ហុងកុង ឱ្យទៅប្រទេសចិនវិញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ នៅក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលបានធានាឱ្យហុងកុង នូវស្វយ័តភាពយ៉ាងទូលំទូលាយ និងឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ ដែលខុសពីតំបន់ដទៃទៀតរបស់ចិន៕