(ប៉េកាំង)៖ ពិធីអបអរសាទរខួបលើកទី២៥ នៃហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញ និងពិធីតែងតាំងរដ្ឋបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង បានបើកធ្វើនៅក្រុងហុងកុងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានលើកឡើងថា ប្រវត្តិសាស្រ្តអរិយធម៌របស់ប្រជាជាតិចិនជាង ៥,០០០ឆ្នាំ បានកត់ត្រានូវការខិតខំប្រឹងប្រែងរបស់បុព្វបុរសចិននៅក្នុងទឹកដី Lingnan។ ប្រវត្តិសាស្រ្តទំនើបនៃប្រទេសចិន បន្ទាប់ពីសង្គ្រាមអាភៀនបានកត់ត្រា នូវភាពអាម៉ាស់នៃការកាត់ផ្ដាច់ដោយបង្ខំរបស់ហុងកុង ហើយក៏កត់ត្រាអំពីការតស៊ូរបស់ កុលបុត្រកុលធិតាចិន ក្នុងការសង្គ្រោះជាតិ។

ប្រវត្តិសាស្ត្រតស៊ូ ដែលមានអាយុកាលមួយសតវត្សដ៏អស្ចារ្យ នៃបក្សកុម្មុយនីស្តចិនបានកត់ត្រា នូវការរួមចំណែកដ៏ពិសេស និងសំខាន់ដែលធ្វើឡើងដោយបងប្អូនជនរួមជាតិហុងកុង។ ពេញមួយសតវត្សរ៍ ជនរួមជាតិហុងកុងរួមសុខរួមទុក្ខ ជាមួយមាតុប្រទេស ហើយផ្សារភ្ជាប់គ្នាដោយខ្សែលោហិតជានិច្ច។

លោក Xi Jinping បានគូសបញ្ជាក់ថា របបប្រជាធិបតេយ្យ នៃតំបន់រដ្ឋបាលពិសេសហុងកុងគឺស្របតាម «គោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដែលមានអំណោយផលដល់ការរក្សាបាន នូវវិបុលភាពនិងស្ថិរភាពរបស់ហុងកុង និងបង្ហាញពីអនាគតដ៏ភ្លឺស្វាង៕

វិទ្យុមិត្តភាពកម្ពុជាចិន