(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអមដំណើរដោយលោកស្រី Carrie Lam អភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងអញ្ជើញទៅដល់ សួនវិទ្យាសាស្ត្រហុងកុង ដើម្បីចុះត្រួតពិនិត្យការងារ និងផ្លាស់ប្តូរមតិយោបល់យ៉ាងស្និទ្ធស្នាល ជាមួយបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យា សាស្ត្រចិន និងបណ្ឌិតសភាវិស្វកម្មចិន និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងអ្នកតំណាង សហគ្រាស ច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាវ័យក្មេងនៅហុងកុង។

សួនវិទ្យាសាស្រ្តហុងកុងគឺជា មូលដ្ឋានសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេស និងការភ្ញាស់ សហគ្រាសដ៏ធំបំផុត នៅក្រុងហុងកុង។ បច្ចុប្បន្ននេះ សួននេះមានក្រុមហ៊ុនជាង ១,១០០ និងអ្នកសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេសជាង ១៧០០០នាក់ដែលបានទាក់ទាញស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងស្រុកនិងបរទេសល្បីៗជាច្រើន មកបង្កើតមន្ទីរពិសោធន៍។

នៅក្នុងសាលតាំងពិពណ៌នៃសួនវិទ្យាសាស្ត្រ លោក Xi Jinping បានស្តាប់ការសង្ខេបអំពីការអភិវឌ្ឍ វិទ្យាសាស្ត្រនិងបច្ចេកទេស និងការច្នៃប្រឌិតថ្មីនៅហុងកុង អន្តរកម្មនៃការបង្កើតថ្មីនិងការអភិវឌ្ឍបច្ចេក វិទ្យា នៅក្រុង Shenzhen និងហុងកុង និងការអភិវឌ្ឍនៃសួនវិទ្យាសាស្ត្រហុងកុង ហើយបានទស្សនាការ តាំងពិព័រណ៍តំណាងសហគ្រាសច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យា នៅហុងកុង។

លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការគាំទ្រពី មជ្ឈិមបក្សកុម្មុយនីស្តចិន ហុងកុងបានប្រើប្រាស់ឧត្តមភាពរបស់ខ្លួន ហើយទទួលបានសមិទ្ធិផល គួរឱ្យកត់សម្គាល់ក្នុងការសិក្សាស្រាវជ្រាវជាមូលដ្ឋាន ការបណ្តុះបណ្តាលទេពកោសល្យ និងការអភិវឌ្ឍនៃការច្នៃប្រឌិតថ្មីនិងឧស្សាហកម្មបច្ចេកវិទ្យា។ រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេស ត្រូវចាប់យកនិន្នាការទូទៅ នៃសម័យកាល តម្កល់ទុកការគាំទ្រ ការអភិវឌ្ឍនច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យា នៅក្នុងមុខតំណែងដ៏លេចធ្លោមួយ ហើយបន្តផ្តល់យ៉ាងលេងពេញលេញ ដល់តួនាទីគាំទ្រនិងឈានមុខគេនៃ ការច្នៃប្រឌិតថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

បន្ទាប់មក លោក Xi Jinping បានសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបណ្ឌិតសភាចារ្យ អ្នកសិក្សាស្រាវជ្រាវ តំណាងសហគ្រាសច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាវ័យក្មេង។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារច្នៃប្រឌិតថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលជំរុញដោយនវានុវត្តន៍។

សង្ឃឹមថា ក្រុងហុងកុងប្រើប្រាស់ឧត្តមភាពរបស់ខ្លួន ប្រមូលផ្តុំធនធានការច្នៃប្រឌិតថ្មីជាសកល និងរួមបញ្ចូលគ្នាជាមួយក្រុងដីគោកនៅក្នុងតំបន់ Guangdong-HongKong-Macao ដើម្បីពង្រឹងការរួមបញ្ចូលគ្នា នៃការច្នៃប្រឌិតថ្មីនៃឧស្សាហកម្ម ការសិក្សាស្រាវជ្រាវ និងខិតខំកសាងវេទិកាច្នៃប្រឌិតថ្មី បច្ចេកវិទ្យាសកល។ រំពឹងថា ក្រុមការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុងទាំងអស់ នឹងបន្តពង្រីកប្រពៃណីស្នេហាជាតិ និងសេចក្តីស្រឡាញ់ចំពោះហុងកុង ពង្រឹងការច្នៃប្រឌិតថ្មី និងជំនឿចិត្តលើខ្លួនឯង ផ្តោតសំខាន់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅលើពិភពលោក តភ្ជាប់យ៉ាងសកម្មនូវតម្រូវការយុទ្ធសាស្ត្រជាតិសំខាន់ៗ ខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាស្នូលសំខាន់ៗ ដើម្បីរួមចំណែកក្នុងការកសាងប្រទេសចិន ទៅជាប្រទេសខ្លាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅលើពិភពលោក។

លោក Xi Jinping បានលើកឡើងទៀតថា យុវជនគឺជាក្រុមមនុស្សដែលមានកម្លាំងរស់រវើក និងមានគំនិតច្នៃប្រឌិតថ្មីបំផុតនៅក្នុងសង្គមទាំងមូល ហើយក៏ជាកម្លាំងថ្មីមួយក្នុងការជំរុញ ការអភិវឌ្ឍច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យាផងដែរ។ ត្រូវផ្តល់ចន្លោះអភិវឌ្ឍន៍បន្ថែមទៀតសម្រាប់យុវជន និងគាំទ្រយុវជនឱ្យ សម្រេចក្តីសុបិនផ្នែកច្នៃប្រឌិតថ្មីនិងសហគ្រិនភាពក្នុងជីវិតតស៊ូ៕

វិទ្យុមិត្តភាពកម្ពុជាចិន