(ម៉ាឌ្រីដ)៖ ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បានប្រាប់ទៅកាន់ប្រទេសស៊ុយអែត និងហ្វាំងឡង់ថា លោកនៅតែអាចរារាំងដំណើរការចូលជាសមាជិកអង្គការណាតូ (NATO) របស់ប្រទេសទាំងពីរបាន ប្រសិនបើពួកគេបរាជ័យក្នុង ការអនុវត្តកិច្ចព្រមព្រៀងជាមួយទីក្រុងអង់ការ៉ា (Ankara)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។
លោក អឺដូហ្កាន់ បានចេញការព្រមានចំៗ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលណាតូ ដែលសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកបានអញ្ជើញស៊ុយអែត និងហ្វាំងឡង់ ឲ្យចូលរួមកិច្ចប្រជុំជាមួយសមាជិកទាំង៣០ប្រទេស។ អនុស្សរណៈចំនួន១០ចំណុច ដែលចុះហត្ថលេខាដោយតួកគី, ស៊ុយអែត និងហ្វាំងឡង់ នៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ ត្រូវបានរំលេចឡើងដើម្បីដោះស្រាយកង្វល់ជាច្រើនរបស់លោក អឺដូហ្កាន់។
យ៉ាងណាក៏ដោយ លោក អឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មានថា បើទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនេះក្តីមិនមែនមានន័យថាតួកគី នឹងអនុម័តដោយស្វ័យប្រវត្តិនូវសមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់នោះទេ ប៉ុន្តែវាអាស្រ័យលើឥរិយាបថរបស់ប្រទេសទាំងពីរ នាពេលខាងមុខ ដែលអាចឲ្យតួកគី បញ្ជូនសំណើរនេះទៅកាន់សភារបស់ខ្លួនដែរ ឬទេ។
គួរបញ្ជាក់ថា សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានធ្វើឲ្យស៊ុយអែត និងហ្វាំងឡង់ ទម្លាក់ប្រវត្តិសាស្រ្តមិនចូលបក្សសម្ព័ន្ធយោធារបស់ខ្លួន ហើយបានប្រកាសពី ផែនការក្នុងការចូលជាសមាជិករបស់អង្គការណាតូ ប៉ុន្តែដំណើរការចូលជាសមាជិកនេះត្រូវបានរារាំងដោយតួកគី ដែលចោទថាស៊ុយអែត និងហ្វាំឡង់ បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធឃឺដ ឬបានលើកកម្ពស់ភេរវកម្ម៕