(ប៉េកាំង)៖ ថ្ងៃទី២៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានជួបពិភាក្សាការងារជាមួយលោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិននៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន។

លោក Yang Jiechi បានថ្លែងថា ប៉ាគីស្ថានគឺជាមិត្តដែកថែប និងជាបងប្អូនដែលអាចទុកចិត្តបានរបស់ចិន។ ប្រទេសចិនតែងតែចាត់ទុក ទំនាក់ទំនងចិន-ប៉ាគីស្ថាន ជាអាទិភាពក្នុង ទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងរបស់ខ្លួន ហើយមានឆន្ទៈរួមសហការជាមួយប៉ាគីស្ថាន ដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងប៉ាគីស្ថាន ដែលមានភាពកាន់តែជិតស្និទ្ធ ក្នុងយុគសម័យថ្មី។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹង កិច្ចសម្របសម្រួលជាមួយ ប៉ាគីស្ថានលើកិច្ចការពហុភាគី ក្នុងន័យគាំពារផលប្រយោជន៍រួម នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា ប៉ាគីស្ថានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយគាំទ្រយ៉ាងមុតមាំចំពោះ ប្រទេសចិនក្នុងការគាំពារផលប្រយោជន៍ស្នូល និងបញ្ហាយកចិត្តទុកដាក់សំខាន់ៗរបស់ចិន។ ភាគីប៉ាគីស្ថានមានឆន្ទៈ រួមសហការជាមួយភាគីចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងគ្រប់វិស័យ ពន្លឿនការកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ក្នុងន័យជំរុញទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់កាលៈទេសៈរវាងប៉ាគីស្ថាននិងចិន ឱ្យឡើងដល់កម្រិតថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន