(កៀវ)៖ មន្រ្តីក្នុងតំបន់ម្នាក់បាននិយាយថា មីស៉ីលរបស់រុស្ស៉ីបានវាយប្រហារលើអគារកម្ពស់៩ជាន់ ក្នុងទីក្រុងកំពង់ផែអូដេសា (Odesa) នៃតំបន់ សមុទ្រខ្មៅរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ មួយថ្ងៃបន្ទាប់ទាហាន អ៊ុយក្រែនដណ្ដើមបានកោះពស់ពីទាហានរុស្ស៉ី មកវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២។
លោក សឺហ៉ី ប្រាតឈុក (Serhiy Bratchuk) អ្នកនាំពាក្យនៃរដ្ឋបាលនៃក្រុងអូដេសា (Odesa) បានឲ្យដឹងតាមរយៈសារនៅលើតេឡេក្រាមយ៉ាង ដូច្នេះថា «ចំនួនអ្នកស្លាប់ដោយសារតែការវាប្រហារដោយមីស៉ីលរបស់រុស្ស៉ី បានកើនឡើងដល់ចំនួន១០នាក់ រីឯមនុស្សចំនួន៧ នាក់រងរបួស ដែលក្នុងនោះមានកុមារចំនួន៣នាក់ផងដែរ»។ នៅពេលនេះប្រតិបត្តិការជួយសង្រ្គោះកំពុងដំណើរការ ហើយនៅមានមនុស្សមួយចំនួនទៀត កប់ក្រោមគំនរបែកបាក់នៃអគារ ដែលបានដួលរលំ។
លោក ប្រាតឈុក បានបន្ថែមថា ក្រៅពីការវាយប្រហារខាងលើនេះ ក៏មានករណីវាយប្រហារដោយមីស៉ីលមួយគ្រាប់ដាច់ដោយឡែកផ្សេងទៀត លើទីតាំងកម្សាន្តមួយកន្លែង ដោយបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស។ ប៉ុន្តែខាង Reuters មិនអាចផ្ទៀងផ្ទាត់ពីព័ត៌មានលម្អិតនៃការអះអាង នេះបាននៅឡើយទេ។
គួរបញ្ជាក់ថា ការវាយប្រហារខាងលើរបស់រុស្ស៉ី កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទាហានរុស្ស៉ីបានសម្រេចចិត្តដកថយចេញពីកោះពស់ ដោយបញ្ជាក់ថាវាជាកាយវិការសុច្ឆន្ទៈ ដើម្បីបង្ហាញថាទីក្រុងមូស្គូមិនមានបំណងបង្កការរារាំងដល់ការព្យាយាមរបស់អង្គការសហប្រជាជាតិ ក្នុងការ បើកច្រកផ្លូវមនុស្សធម៌ អនុញ្ញាតឱ្យដឹកគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែនឡើយ។ តែប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថារុស្ស៉ី ដកចេញពីកោះពស់ដោយសារតែរងការវាយប្រហារពីកំាភ្លើងធំពីសំណាក់ទាហានអ៊ុយក្រែនជាបន្តបន្ទាប់ ហើយលោកផ្ទាល់ក៏បានសាទរចំពោះ ជ័យជម្នះនេះដែរ៕