(វ៉ាស៊ីនតោន)៖ នៅពេលប្រកាសបញ្ជូនកងទ័ពរុស្ស៉ី វាយលុកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញកាយវិការ ខឹងសម្បារយ៉ាងខ្លាំង រហូតដល់ថ្នាក់គំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសណាហ៊ានធ្វើអន្តរាគមន៍យោធាចូលជួយអ៊ុយក្រែន ហើយក្រោយមកបានបាត់មុខអស់ ជាច្រើនថ្ងៃ។ ប៉ុន្តែ ក្នុងខែមិថុនានេះ បុរសខ្លាំងរុស្ស៉ីរូបនេះបានលេចមុខជាថ្មី ហាក់ដូចក្លាយជាមនុស្សផ្សេងម្នាក់ទៀត ដែលមើលទៅមានភាពស្ងប់ស្ងាត់ អត់ធ្មត់ និងមានទំនុកចិត្តលើខ្លួនឯង។
នៅចំពោះមុខយុវជនរុស្ស៉ី លោក ពូទីន បានប្រដូចរូបលោកទៅនឹងអធិរាជដំបូងគេបំផុតរបស់រុស្ស៉ីឈ្មោះ «Peter the Great» ហើយពេលថ្លែងសុន្ទរកថានៅឯសន្និសីទសេដ្ឋកិច្ច មួយ លោកផ្ទាល់បានច្រានចោលការលើកឡើងដែលថា ទណ្ឌកម្មនឹងធ្វើឱ្យរុស្ស៉ីឯកោពីពិភពលោក និងថែមទាំងសង្កត់ធ្ងន់ទៀតថាបណ្ដាប្រទេសលោកខាងលិចទៅវិញទេ ដែល នឹងរងផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី។ នៅថ្ងៃពុធ ទី២៩ ខែមិថុនានេះ លោក ពូទីន បានបង្ហាញខ្លួនដូចជាមនុស្សថ្មីម្នាក់ផ្សេងដោយពាក់អាវក្រ័រហ្សេ និងដើរចុះពីលើយន្ដហោះ នៅឯអាកាសយានដ្ឋានក្នុងប្រទេសតួកម៉េនីស្ថាន ទាំងទឹកមុខញញឹម។
ដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់តំបន់អាស៊ីកណ្ដាល គឺជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងបំផុត ចាប់តាំងពីកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនដែល លោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន» ហើយមិនតែប៉ុណ្ណោះវាក៏ជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសមានរយៈពេលជាច្រើនថ្ងៃជាលើកដំបូងដែរ ចាប់តាំងពីការឆ្លង រាលដាលកូវីដមក។ ក៏ប៉ុន្តែ ហេតុអ្វីបានជាលោក ពូទីន ផ្លាស់ប្ដូរលឿនបែបនេះ?
ជាការពិតណាស់ ការបំពេញទស្សនកិច្ចក្រៅប្រទេសរបស់លោក ពូទីន ធ្វើឡើងចំពេលមេដឹកនាំណាតូ (NATO) ទាំង៣០ប្រទេស បានជួបប្រជុំគ្នានៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេស អេស្ប៉ាញ ជាទីដែលបក្សសម្ព័ន្ធយោធាមួយនេះបានប្រកាសពីយុទ្ធសាស្ត្រថ្មីមួយដោយចាត់ទុករុស្ស៉ីជា «សត្រូវចម្បង» របស់ពួកគេ។ ម្លោះហើយទើប អ្នកជំនាញមួយចំនួន ដូចជាលោកស្រី តាទីយ៉ាណា ស្ដាណូវ៉ាយ៉ា (Tatiana Stanovaya) ជាអ្នកជំនាញពីរុស្ស៉ីមានមូលដ្ឋានក្នុងប្រទេសបារាំង យល់ថាលោក ពូទីនចង់ប្រើឱកាសនេះដើម្បីផ្ញើសារ ទៅកាន់ប្រជាជនរុស្ស៉ីផង និងបណ្ដាប្រទេសលោកខាងលិចផងថាបើទោះជាសង្រ្គាមអ៊ុយក្រែនកំពុងអូសបន្លាយក៏ដោយ ក៏វិមានក្រឹមឡាំងនៅតែដំណើរការជាប្រក្រតីដដែល។
តាមរយៈដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីកណ្ដាលនេះដែរ លោក ពូទីន បានផ្លាស់ប្ដូរពីមេដឹកនាំដែលចូលចិត្តប្រើប្រាស់វោហារសម្លុតគំរាម មកជាមេដឹកនាំម្នាក់ដែលមាន ភាពស្ងប់ស្ងាត់ និងចាត់ទុកខ្លួនឯងជាមេដឹកនាំ កំពុងការពារប្រជាជនរុស្ស៉ីពីពិភពលោកដ៏គ្រោះថ្នាក់។ វាមើលទៅហាក់ដូចជាលោក ពូទីន បានធ្វើឱ្យយុទ្ធសាស្ត្រសង្រ្គាមរបស់ លោកនៅអ៊ុយក្រែនមានស្ថិរភាព ក្នុងបរិបទដែលមូស្គូ កំពុងជាប់ទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច។
ដូចគ្នាដែរ បើតាមអ្នកប្រឹក្សានយោបាយម្នាក់ កំពុងរស់នៅក្នុងប្រទេសអ៉ីស្រាអែល គឺលោក អាប់បាស់ ហា្កល់លីយ៉ាម៉ូវ (Abbas Gallyamov) លោក ពូទីបានដឹងយ៉ាងច្បាស់ថា ភាពជាមេដឹកនាំរបស់លោក គឺផ្អែកលើមូលដ្ឋាននៃភាពរឹងមាំ និងការធ្វើសកម្មភាពយ៉ាងសកម្ម។ ពោល គឺធ្វើសកម្មភាពយ៉ាងសកម្មដើម្បីឈ្នះ រីឯការបាត់ខ្លួនពីក្រសែភ្នែកមនុស្ស ផងទាំងពួង វាហាក់ដូចជាមានន័យថាលោកបានស្លាប់បាត់ទៅហៅ ដូច្នេះទើបពេលនេះលោក ពូទីន ត្រូវតែចេញមុខជាសាធារណៈ។ លោក ហា្កល់លីយ៉ាម៉ូវបន្ថែមថា តាមរយៈ ការបំពេញទស្សនកិច្ចនេះ លោក ពូទីនក៏ចង់បង្ហាញដែរថាកិច្ចប្រជុំកំពូលណាតូ ដែលបង្ហាញការប្ដេជ្ញាចិត្តគាំទ្រដល់អ៊ុយក្រែន និងការពង្រឹងវត្តមានយោធាក្នុងតំបន់អឺរ៉ុបខាងកើត វាមិនធ្វើឱ្យរុស្ស៉ីព្រឺរោមនោះទេ។
កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានធ្វើដំណើរទៅកាន់ប្រទេសតួកម៉េនីស្ថាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសទាំង៥ នៅជុំវិញសមុទ្រកាស្ពាន (Caspian Sea) ក្នុងនោះរួមមានទាំងមេដឹកនាំមកពី អាហ្សែរបៃហ្សង់ កាហ្សាក់ស្ថាន និងអ៉ឺរ៉ង់ផងដែរ។ កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ ពីព្រោះថារុស្ស៉ីកំពុងព្យាយាមពង្រីក ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្ដាល ដែលសម្បូរទៅដោយធនធានធម្មជាតិដ៏សម្បើម ខណៈកំពុងសម្លឹងរកមើលការបំពេញចន្លោះប្រហោងដែលសហរដ្ឋអាមេរិកខ្លួនឯង ជាអ្នកទុកចន្លោះ ក្រោយដកខ្លួនចេញពីអាហ្វហ្កានីស្ថាន។ កិច្ចប្រជុំនេះជានិមិត្តរូបមួយដែលលោក ពូទីនចង់បង្ហាញពីសកម្មភាពការទូត និងអំណាចស្រទន់របស់រុស្ស៉ីក៏ដូចជា ប្រាប់ប្រជាជនរុស្ស៉ីដូច្នេះថា «ឃើញទេ! រុស្ស៉ីមិនបានឯកោ ដូចលោកខាងលិចថានោះទេ»។
ជាងនេះទៅទៀត នៅកំលុងធ្វើសន្និសីទសារព័ត៌មានខ្លីមួយ លោក ពូទីន បានទាត់ចោលគំនិតដែលថាការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន កំពុងបង្កផលវិបាកដល់រុស្ស៉ីវិញ បន្ទាប់ពីប្រទេសហ្វាំងឡង់ និងស៊ុយអែតត្រូវបានអនុញ្ញាតឱ្យចូលណាតូ ហើយអ៊ុយក្រែនទទួលបាន «ឋានៈជាបេក្ខភាព» សមាជិកសហភាពអឺរ៉ុប។ តែនៅលើកនេះ លោក ពូទីន មិនបានខឹងច្រឡោតតោកតូង ហើយក៏មិនបានសម្លុតគំរាមសងសឹកដូចសព្វដងនោះដែរ ដោយលោកគ្រាន់តែព្រមានថាហ្វាំងឡង់ និងស៊ុយអែតចូលណាតូមិនមែនជាបញ្ហាទេ តែអ្វីដែលជាបញ្ហា នោះគឺត្រង់ថាបើណាតូដាក់ពង្រាយកងទ័ព និងសព្វាវុធ ឬហេដ្ឋារចនាសម្ព័ន្ធយោធានៅលើទឹកដីប្រទេសទាំង២ រុស្ស៉ីនឹងចាត់វិធានការឆ្លើយតបយ៉ាង សមាមាត្រ។ បើតាមលោក ពូទីន អ៊ុយក្រែនចូលជាសមាជិកណាតូ ឬបក្សសម្ព័ន្ធយោធាដឹកនាំដោយលោកខាងលិច ទើបជាការគំរាមកំហែងដ៏ធំចំពោះរុស្ស៉ី។
ការព្រមានបែបនេះរបស់លោក ពូទីន មើលទៅវាហាក់ដូចជាស្លូតជាងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរកម្ទេចប្រទេសដែលហ៊ានធ្វើអន្តរាគមន៍យោធាជួយអ៊ុយក្រែន នៅពេល សង្រ្គាមផ្ទុះឡើងដំបូង។ ម្យ៉ាងវិញទៀត គួរឱ្យកត់សម្គាល់ នៅក្នុងសុន្ទរកថារយៈពេល ៨នាទីនៅក្នុងប្រទេសតួកម៉េនីស្ថាននៅថ្ងៃពុធសប្ដាហ៍ នេះ លោក ពូទីនមិនបានលើកឡើង ពីអ៊ុយក្រែន ឬក៏ភាពតានតឹងជាមួយលោកខាងលិចឡើយ តែលោកនិយាយតែពីការកិច្ចខិតខំប្រឹងប្រែងស្ដារវិស័យដឹកជញ្ជូន និងទេសចរណ៍នៅក្នុងតំបន់ដែលនេះចង់បង្ហាញថា រុស្ស៉ីមិនស្ថិតនៅក្នុងវិបត្តិអ្វីធ្ងន់ធ្ងរនោះឡើយ។
តាមរយៈការផ្លាស់ប្ដូរនេះ លោកស្រី តាទីយ៉ាណា ស្ដាណូវ៉ាយ៉ា បានកត់សម្គាល់ថាបច្ចុប្បន្នយុទ្ធសាស្ត្ររបស់លោក ពូទីន នោះគឺកេងចំណេញពេលវេលារង់ចាំឱកាស ជាមួយការ រំពឹងថាបណ្ដាប្រទេសលោកខាងលិចអាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងអតិផរណា ហើយរដ្ឋាភិបាលរបស់លោក ហ្សេលេនស្គី នឹងបែកបាក់ ឬសុខចិត្តចុះញ៉មដោយខ្លួនឯង នៅចំពោះការបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងនានារបស់អ៊ុយក្រែន។ លោកស្រី ស្ដាណូវ៉ាយ៉ា មើលឃើញដែរថាលោក ពូទីន ដូចជាបានដើរចូលក្នុងដំណាក់កាល ធូរស្រាល នៃ សង្រ្គាម ដែល ជាទូទៅ គេឲ្យ ឈ្មោះ តាម ភាសា បារាំង ថា ដេតង់ (Détente) ជាមួយការកំណត់ថាលោកប្រធានាធិបតី ចូ បៃដិន បានដាក់កំហិតលើការផ្ដល់ជំនួយដល់អ៊ុយក្រែន ដើម្បីបញ្ចៀសសង្រ្គាមលោកលើកទី៣។ «លោក ពូទីន ហាក់ដូចជាកំពុងកេងចំណេញពេលវេលារង់ចាំឱកាស ខណៈក្រឹមឡាំងដែលតាមដានសេចក្ដីថ្លែងការណ៍របស់រដ្ឋបាល លោក បៃដិនយ៉ាងដិតដល់ កំពុងគិតថាអាមេរិកបានដាក់កំហិតលើខ្លួនឯង រីឯអ៊ុយក្រែននឹងទទួលយកលក្ខខណ្ឌរបស់យើង ដូច្នេះយើងអាចអត់ធ្មត់ ហើយអង្គុយរង់ចាំ»។ នេះជា ការបញ្ជាក់របស់លោកស្រី ស្ដាណូវ៉ាយ៉ា។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) របស់អ៊ុយក្រែន បានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃទាហានរុស្ស៉ីទាំងស្រុង ហើយការបាត់បង់ទីក្រុង មួយនេះ ត្រូវបានក្រុមអ្នកវិភាគយោធាមួយចំនួនមើលឃើញថានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រុស្ស៉ី នៅក្នុងសមរភូមិសង្រ្គាមដុនបាស់ ដែលបានឈានចូលដល់ដំណាក់ មួយដ៏សំខាន់ និងគ្រោះថ្នាក់ទាំងសម្រាប់អ៊ុយក្រែន លោកខាងលិច និងរុស្ស៉ី ដែលសុទ្ធសឹងតែមិនទាន់បានបង្ហាញពីសញ្ញាត្រឡប់មកតុចរចាឡើងវិញ៕