(មូស្គូ)៖ ប្រទេសរុស្ស៊ីបានចាប់ផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីទឹកដីអ៊ុយក្រែនដែលខ្លួនបានកាន់កាប់កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងកប៉ាល់ផ្ទុកគ្រាប់ធញ្ញជាតិចំនួន ៧,០០០តោន ធ្វើដំណើរចេញពីកំពង់ផែ Berdyansk របស់អ៊ុយក្រែនដែលត្រូវកាន់កាប់ដោយកងទ័ពរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
អស់រយៈពេលជាច្រើនសប្តាហ៍ ទីក្រុងកៀវបានចោទប្រកាន់រុស្ស៊ី និងសម្ព័ន្ធមិត្តថា បានលួចគ្រាប់ធញ្ញជាតិរបស់ខ្លួនពីភាគខាងត្បូងអ៊ុយក្រែន ដែលរួមចំណែកធ្វើឱ្យមានការខ្វះខាតស្បៀងអាហារពិភពលោក បណ្តាលមកពីការនាំចេញគ្រាប់ធញ្ញជាតិនៅកំពង់ផែអ៊ុយក្រែនត្រូវបានរារាំង។
ទីក្រុងកៀវនិយាយ ថា រហូត មក ដល់ ពេល នេះ ការ ដឹក ជញ្ជូន ត្រូវ បាន ដឹក ជញ្ជូន តាម ផ្លូវ គោក។
ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពីកំពង់ផែ Berdyansk បង្ហាញពីការបើកផ្លូវសមុទ្រដើម្បីនាំចេញស្រូវសាលីពីអ៊ុយក្រែនទៅកាន់ប្រទេសទីបី។
លោក Evgeny Balitsky ដែលជាប្រធានរដ្ឋបាលគាំទ្ររុស្ស៊ីបាននិយាយនៅលើ Telegram ថា «បន្ទាប់ពីការពន្យារពេលជាច្រើនខែ កប៉ាល់ពាណិជ្ជកម្មទីមួយបានចាកចេញពីកំពង់ផែពាណិជ្ជកម្ម Berdyansk»។
លោកបានបន្ថែមថា កប៉ាល់សមុទ្រខ្មៅរបស់រុស្ស៊ី «កំពុងធានាសុវត្ថិភាព នៃការធ្វើដំណើរ ដោយលោកបានសង្កត់ធ្ងន់ថា កំពង់ផែអ៊ុយក្រែនត្រូវបានដោះមីន។
ទោះជាយ៉ាងណា លោក Balitsky មិនបានបញ្ជាក់ពីទិសដៅចុងក្រោយនៃទំនិញនោះទេ។
គួរបញ្ជាក់ថា Berdyansk គឺជាទីក្រុងកំពង់ផែមួយនៅឆ្នេរសមុទ្រភាគខាងជើង នៃសមុទ្រ Azov ក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍អ៊ុយក្រែន៕