(ឡុងដ៏)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការលើកឡើងរបស់ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ដែលថាប្រសិនបើលោក ពូទីន ជាមនុស្សស្រីវិញនោះ លោកនឹងមិនបើកឈ្លានពានអ៊ុយក្រែនឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
លោក ចនសុន កាលពីថ្ងៃពុធសប្តាហ៍នេះបានហៅការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការចាប់ផ្តើមវាយប្រហារអ៊ុយក្រែន ថាជាឧទាហរណ៍ជាក់ស្តែងបំផុត នៃភាពជាបុរសដែលអាក្រក់បំផុត និងបានចំអកឥរិយាបថរបស់លោក ពូទីន ថែមទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កំលុងដំណើរទស្សនកិច្ច នៅឯប្រទេសតួកម៉េនីស្ថាន (Turkmenistan) លោក ពូទីន បានលើកឡើងអំពី ការសម្រេចចិត្តរបស់អតីតមេដឹកនាំអង់គ្លេស លោកស្រី ម៉ាហ្គារ៉េត ថាត់ឈើ (Margaret Thatcher) ក្នុងការបើកប្រតិបត្តិការយោធាប្រឆាំងនឹងអាហ្សង់ទីន នៅកោះហ្វកលែនស៍ (Falklands) ធ្វើជាឧទាហរណ៍ ដើម្បីច្រានចោលទ្រឹស្តីរបស់លោក ចនសុន។
ឆ្លើយតបវាយបកវិញដាក់លោកនាយករដ្ឋមន្រ្តីអង់គ្លេស, លោក ពូទីន បានប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែចង់រំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្មីៗនេះ នៅពេលដែលលោកស្រី Thatcher សម្រេចចិត្តបើកប្រតិបត្តិការយោធាពិសេស លើកោះហ្វកលែនស៍ ប្រឆាំងនឹងប្រទេសអាហ្សង់ទីន នោះគឺជាស្រ្តីម្នាក់ដែលសម្រេចចិត្តប្រើសកម្មភាពយោធា»។
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៉ី បានបង្កការបំផ្លិចបំផ្លាញចំពោះទីក្រុងជាច្រើន, សម្លាប់ជនស៉ីវិលរាប់ពាន់នាក់ និងបង្ខំឲ្យមនុស្សរាប់លាននាក់ចាកចេញពីផ្ទះរបស់ពួកគេ នៅទូទាំងប្រទេសអ៊ុយក្រែន៕