(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លីហ្ស ទ្រូស (Liz Truss) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកខាងលិច ត្រូវតែរៀនសូត្រពីកំហុសរបស់ខ្លួន ដែលបរាជ័យក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយយកមេរៀនទាំងនោះ ទៅអនុវត្តលើតៃវ៉ាន់ ដើម្បីរក្សាការពារសុខសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី Truss បានលើកឡើងថា ក្រុមប្រទេសលោកខាងលិច និងប្រទេសខ្លះទៀតនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចាំបាច់ត្រូវតែធានាថា តៃវ៉ាន់ទទួលបានការការពារ។ លោកស្រីរដ្ឋមន្រ្តីការបរទេសអង់គ្លេស បានប្រាប់វិទ្យុអង់គ្លេស LBC យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយគឺ យើងត្រូវរៀនសូត្រអំពីមេរៀននៅអ៊ុយក្រែន គឺមុនសង្រ្គាមផ្ទុះឡើង យើងប្រហែលអាចធានាថា អ៊ុយក្រែនមានសមត្ថភាពការពារខ្លួនគ្រប់គ្រាន់ ឬក៏យើងប្រហែលអាចខំប្រឹងឱ្យខ្លាំងជាងនេះ ដើម្បីរារាំងលោក ពូទីន កុំឱ្យបើកការឈ្លានពាន ខណៈទាំងអស់នេះហើយគឺជាវិធីសាស្រ្ត ដែលយើងគួរប្រកាន់យក សម្រាប់រដ្ឋអធិបតេយ្យដទៃទៀត រួមទាំងតៃវ៉ាន់ផងដែរ»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់ ហើយនិងចិនដែលចាត់ទុកដែនកោះនេះ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួននោះ បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលចិនបានបង្កើនសកម្មភាពយោធាជាខ្លាំង នៅក្បែរៗកោះតៃវ៉ាន់។ ម៉្យាងវិញទៀត ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ក៏បានបង្កើនក្តីបារម្ភផងដែរថា ចិនអាចនឹងសម្រេចចិត្តធ្វើសកម្មភាពស្រដៀងគ្នា ទៅលើតៃវ៉ាន់៕