(អាសហ្កាបាត)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកំលុងពេលធ្វើសន្និសីទសារព័ត៌មាន នៅឯប្រទេសតួកម៉េនីស្ថាន (Turkmenistan) កាលពីថ្ងៃពុធសប្តាហ៍នេះថា គោលបំណងរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺមិនផ្លាស់ប្តូរនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
លោក ពូទីន បានគូសបញ្ជាក់ថា «គ្មានអ្វីត្រូវផ្លាស់ប្តូរទេ, គោលដៅចុងក្រោយរបស់រុស្ស៉ី គឺរំដោះតំបន់ដុនបាស់ (Donbass) ដើម្បីការពារប្រជាជននិ ងបង្កើតលក្ខខណ្ឌដែលនឹងធានាសុវត្ថិភាពរបស់ប្រទេសរុស្ស៉ីផ្ទាល់។ ខណៈគោលដៅយើងនៅដដែល យុទ្ធសាស្រ្តដែលប្រើដើម្បីសម្រេចគោលដៅ អាចនឹងផ្លាស់ប្តូរទៅតាមអ្វីដែលយោធាចាត់ទុកថាសមរម្យ»។ ទោះយ៉ាងណា លោក ពូទីន នៅតែអះអាងថា «ប្រតិបត្តិការគឺដំណើរការទៅតាមផែនការ ដែលបានគ្រោងទុក»។
ដោយឡែកឆ្លើយតបទៅនឹង ការអត្ថាធិប្បាយដែលថា NATO បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងជម្លោះនោះ លោក ពូទីន និយាយថា វាមិនមែនជារឿងថ្មីទេសម្រាប់ទីក្រុងមូស្គូ។ រីឯ បញ្ហាការចូលជាសមាជិកអង្គការ NATO របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ លោក ពូទីន បញ្ជាក់ថា រុស្ស៉ីមិនមានបញ្ហាទឹកដីជាមួយប្រទេសទាំងពីរឡើយ ប៉ុន្តែយើងនឹងធ្វើសកម្មភាពឆ្លើយតប ប្រសិនបើទីក្រុងមូស្គូ រងនូវការគំរាមកំហែងផ្នែកយោធា។
គួរបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៉ី កំពុងធ្វើទស្សនកិច្ច នៅរដ្ឋធានីអាសហ្កាបាត (Ashgabat) ប្រទេសតួកមេនីស្ថាន ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង៕