(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេប៉ាល់ បានធ្វើសេចក្តីសម្រេចចិត្ត បញ្ឈប់ជំរុញកិច្ចសហប្រតិបត្តិការស្តីពី «ផែនការទំនាក់ទំនងភាពជាដៃគូរបស់រដ្ឋអាមេរិក» ហៅកាត់(SPP)។ មជ្ឈដ្ឋានខាងក្រៅបានឃើញថា ខណៈពេលធ្វើសេចក្តីសម្រេចចិត្តនេះ បក្សពួកនានានិងផ្នែកយោធារបស់នេប៉ាល់ បានបង្ហាញពីគោលជំហរដ៏ឯកភាពគ្នា ដែលសុទ្ធតែយល់ឃើញថា «ការចូលរួមផែនការ SPP គឺមិនសមស្របនឹងផលប្រយោជន៍របស់នេប៉ាល់នោះទេ» ត្រូវបញ្ចប់ពិភាក្សាពីបញ្ហានេះជាស្ថាពរ។ អ្នកវិភាគបានថ្លែងថា សេចក្តីសម្រេចចិត្តរបស់ភាគីនេប៉ាល់មានន័យថា អ្វីដែលហៅថា «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់សហរដ្ឋអាមេរិកបានជួបប្រទះបរាជ័យ។

សូមបញ្ជាក់ថា ផែនការ SPP ជាផែនការផ្លាស់ប្តូររវាងកងការពារជាតិ នៃរដ្ឋនានារបស់សហរដ្ឋអាមេរិក និងប្រទេសជាដៃគូសហប្រតិបត្តិការ គឺចាប់ផ្តើមនៅទស្សវត្សរ៍ទី៩០ នៃសតវត្សរ៍មុន ដែលមានគោលដៅជួយប្រទេសពាក់ព័ន្ធ ធ្វើកំណែទម្រង់ខាងកម្លាំងការពារជាតិ បន្ទាប់ពីសហភាពសូវៀតត្រូវរំលាយ តាមពិតទៅ ផែនការនេះជាលេសសម្រាប់ កម្លាំងយោធាសហរដ្ឋអាមេរិក ជ្រៀតចូលក្នុងប្រទេសដទៃ។

អនុលោមតាមសេចក្តីព្រាងនៃកិច្ចសហប្រតិបត្តិការផែនការ SPP រវាងនេប៉ាល់និងអាមេរិក ដែលត្រូវបែកធា្លយនៅពេលថ្មីៗកន្លងទៅនេះ ឱ្យដឹងថា ខ្លឹមសារជាស្នូលរួមមាន៖ ភាគីទាំងពីរធ្វើសមយុទ្ធយោធាចម្រុះ នៅតំបន់ខ្ពង់រាបរបស់ប្រទេសនេប៉ាល់ កងកម្លាំងឆ្មាំជាតិដែលជាស្ថាប័នដូចយោធារបស់អាមេរិក អាចចូលក្នុងដែននេប៉ាល់និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយគ្មានការដាក់កំហិត សហរដ្ឋអាមេរិកផ្តល់ការណ៍សម្ងាត់ អំពីការប្រឆាំងភេរវកម្មនិងសព្វាវុធដល់នេប៉ាល់ជាដើម។ អាចឃើញថា មាត្រាទាំងនេះគឺមានលក្ខណៈយោធាយ៉ាងច្បាស់លាស់ ហើយក៏មានបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនេប៉ាល់យ៉ាងច្បាស់លាស់ដែរ។ ដូច្នេះបានបណ្តាលឱ្យកើតមាន ទំនាស់ដ៏លេចធ្លោក្នុងស្រុកនេប៉ាល់។ ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេប៉ាល់ បានធ្វើសេចក្តីសម្រេចចិត្ត ស្តីពីការបញ្ឈប់ជំរុញផែនការ SPP គឺសមស្របនឹងផលប្រយោជន៍ជាតិនេប៉ាល់ ហើយក៏សមស្របនឹង គោលនយោបាយមិនចងសម្ព័ន្ធ និងការទូតរក្សាតុល្យភាព ដែលនេប៉ាល់បានអនុវត្តជាយូរមកហើយ។

នេប៉ាល់ស្ថិតក្នុងតំបន់ភាគខាងត្បូងនៃភ្នំហិម៉ាឡៃ ដែលមានដែនដីតភ្ជាប់នឹងចិននិងឥណ្ឌា ពោលគឺមានឋានៈនយោបាយភូមិសាស្ត្រដ៏សំខាន់។ មជ្ឈដ្ឋានខាងក្រៅបានធ្វើការវិភាគសម្គាល់ថា សហរដ្ឋអាមេរិកកំពុងឆ្លៀតប្រើភាពបម្រែបម្រួល នៃស្ថានភាពនយោបាយនេប៉ាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បង្កើនការជ្រៀតជ្រែកនិងជ្រៀតចូល កិច្ចការនយោបាយនិងសន្តិសុខរបស់នេប៉ាល់ ដើម្បីបន្តបណ្តុះកម្លាំង ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនិងសហរដ្ឋអាមេរិក។

ពីការដាក់សម្ពាធទៅលើនេប៉ាល់ ដល់ការធ្វើញុះញង់ក្នុងបញ្ហាសមុទ្រចិនខាងត្បូង រហូតដល់ប្រឌិតអ្វីដែលហៅថា «ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» នាពេលថ្មីៗកន្លងទៅនេះ ភាគីអាមេរិកបាននិងកំពុងបង្ករឿងហេតុ នៅតំបន់ជុំវិញប្រទេសចិន ដោយប្រើឧបាយកលគ្រប់បែបយ៉ាង ប៉ុនប៉ងធ្វើឱ្យប្រទេសអាស៊ីប៉ាស៊ីហ្វិកក្លាយជា «ទ័ពស្រួច» នៃអនុត្តរភាពរបស់សហរដ្ឋអាមេរិក។

ប្រទេសចិនជាឱកាសនិងជាដៃគូ នេះបានក្លាយជាគំនិតឯកភាពរួម នៅតំបន់អាស៊ីប៉ាស៊ីហ្វិករួចហើយ។ នេប៉ាល់ធ្វើសេចក្តីសម្រេចចិត្តលើកនេះ គឺដូចជាស្រោចទឹកត្រជាក់ទៅលើ «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់សហរដ្ឋអាមេរិក ហើយនេះប្រហែលគ្រាន់តែជាទីចាប់ផ្តើម។ ទន្ទឹមនឹងប្រទេសមួយចំនួនធ្វើជម្រើសដ៏សមហេតុផល ដែលឈរលើផលប្រយោជន៍របស់ខ្លួន នោះ អ្វីដែលហៅថា «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលសហរដ្ឋអាមេរិកឃោសនាបំប៉ោងយ៉ាងខ្លាំង នោះមុខជានឹងបរាជ័យជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន