Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Ferdinand Marcos Jr ស្បថចូលកាន់តំណែង ជាប្រធានាធិបតីហ្វីលីពីនថ្មី ជាផ្លូវការ

30-06-2022 13:45

(ម៉ានីល)៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍នេះ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីនជាផ្លូវការហើយ បន្តពីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។

លោក Marcos បានស្បថចូលកាន់តំណែង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ (ម៉ោងក្នុងទីក្រុងម៉ានីល) ក្នុងកម្មវិធីយ៉ាងឱឡារិកមួយ ដែលរៀបចំឡើងនៅឯសារមន្ទីរជាតិហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល។ កំលុងការថ្លែងសារលើកដំបូង ក្នុងនាមជាប្រធានាធិបតី លោក Marcos បានអរគុណដល់ប្រជាជន ដែលបានផ្តល់សំឡេងគាំទ្រយ៉ាងច្រើនលើសលប់បំផុត ចំពោះរូបលោកក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងទៅនេះ។ ការឡើងកាន់អំណាចនេះ គឺជាការវិលត្រឡប់មកវិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល សម្រាប់គ្រួសារនយោបាយត្រកូល Marcos ដែលត្រូវបានប្រជាជនធ្វើបដិវត្តន៍ ផ្តួលរំលំកាលពីឆ្នាំ១៩៨៦។

គួរបញ្ជាក់ថា អនុប្រធានាធិបតីរបស់លោក Marcos គឺលោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) ដែលត្រូវជាកូនស្រីរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នោះ បានស្បថចូលកាន់តំណែង កាលពីសប្តាហ៍មុន។ នៅប្រទេសហ្វីលីពីន តំណែងប្រធានាធិបតី គឺអាចកាន់បានត្រឹមតែ១អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល៦ឆ្នាំ៕