(ប៉េកាំង)៖ «ភពផែនដីមានតែមួយគត់ យើងត្រូវថែរក្សាវាឱ្យដូចជាថែកែវភ្នែករបស់យើង» ,«ប្រទេសចិននឹងមិនស្វែងរកការអភិវឌ្ឍលឿន ដោយការបង់តម្លៃខាងបរិស្ថានជាដាច់ខាត» សម្តីទាំងនេះជាការលើកឡើងជារឿយៗរបស់ថ្នាក់ដឹកនាំចិន។
ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ដែលតម្រូវឱ្យប្រទេសនានាចាំបាច់ត្រូវ ចាត់វិធានការឆ្លើយតបដោយមានប្រសិទ្ធភាព។ បច្ចុប្បន្ន ឃ្លាតពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិនៅសល់តែ ៨ឆ្នាំទៀតទេ យ៉ាងណាមិញ នៅមានប្រទេសជាច្រើនដែលមិនទាន់ទទួលបាន សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ក្នុងការឈានទៅសម្រេចគោលដៅនេះទេ ព្រោះក្នុងប្រទេសមានការអភិវឌ្ឍតិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ឧស្សាហកម្មធុនធ្ងន់ដែលបញ្ចេញសារធាតុបំពុលច្រើន នៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ ហើយការប្រើធ្យូងថ្មនិងឥន្ធនៈ ដែលបំភាយឧស្ម័នកាបូនិកច្រើន នៅតែជាមធ្យោបាយសំខាន់ សម្រាប់ការទទួលបានថាមពល។
ជាការពិតណាស់ ក្រៅពីការដាក់ចេញវិធានការឬគោលនយោបាយ ដែលមានប្រសិទ្ធភាព ការយល់ដឹងនិងការរួមចំណែករបស់ប្រជាជន ជាកត្តាគន្លឹះដើម្បីឈានដល់ការសម្រេចគោលដៅអភិវឌ្ឍន៍បៃតង ឬការអភិវឌ្ឍប្រកបដោយចីរភាព។ អាស្រ័យហេតុនេះ ជីវភាពកាបូនទាបបានក្លាយជាទិសដៅសំខាន់ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់ប្រទេសចិន និងបណ្តាប្រទេសនានា។
ការកាត់បន្ថយការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ ការប្រើថាមពលអគ្គិសនីដែលផលិតពីថាមពលវារីអគ្គិសនី ថាមពលខ្យល់ និងថាមពលសូឡាដែលជាថាមពលស្អាត និងអាចកកើតឡើងវិញជាទិសដៅធំ ក្នុងការកាត់បន្ថយការបញ្ចេញកាបូន របស់ប្រទេសចិន។ ចំណែកឯក្នុងជីវភាពប្រចាំថ្ងៃ រដ្ឋាភិបាលចិន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅទីក្រុងធំៗ ប្រើប្រាស់រថយន្តដើរដោយថាមពលថ្មី (ថាមពលអគ្គិសនី ឬថាមពលស្អាត) មកជំនួសរថយន្តប្រពៃណីដែលប្រើប្រាស់ប្រេងឥន្ធនៈ។ រថយន្តក្រុងនិងរថភ្លើងក្រោមដី ក៏បានប្តូរទៅប្រើថាមពលស្អាតជាបណ្តើរៗដែរ។
នៅតាមដងវិថីនៃទីក្រុងភាគច្រើននៅប្រទេសចិន គេនឹងសង្កេតឃើញមានកង់ជាច្រើន ដែលដាក់តម្រៀបគ្នានៅតាមចិញ្ចើមផ្លូវ កង់ទាំងនេះជនជាតិចិនហៅថា «កង់ចែករំលែក» ជាកង់ចតនៅកន្លែងសាធារណៈ ដែលមនុស្សគ្រប់រូបអាចយកមកជិះ បានដោយគ្រាន់តែស្កេន QR កូដនឹងអាចប្រើប្រាស់បាន ហើយពេលសងវិញយកទៅចត នៅតាមកន្លែងកំណត់ ដែលមានគូសគំនូសស លើចិញ្ចើមផ្លូវរួចទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិកជាការស្រេច។
កង់ចែករំលែកអាចនិយាយបានថា ជាផលិតផលកាបូនទាបដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋចិន។ ប្រជាពលរដ្ឋចិន ពិសេសពួកយុវជនបានកាត់បន្ថយ ការបើកបរយានយន្តផ្ទាល់ខ្លួន ហើយធ្វើដំណើរតាមមធ្យោបាយ ធ្វើដំណើរសាធារណៈ ដូចជារថយន្តក្រុងឬរថភ្លើងក្រោមដី បន្ទាប់មកជិះកង់ចែករំលែកទៅគោលដៅរបស់ខ្លួន ឬបើចម្ងាយផ្លូវជិតគឺជិះកង់ចែករំលែក ទៅមកដោយផ្ទាល់តែម្តង។ ការធ្វើដំណើរបែបបៃតងដែលមានភាពងាយស្រួលបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋឆ្លើយតបយ៉ាងសកម្ម ចំពោះការអំពាវនាវរបស់រដ្ឋាភិបាលស្តីពី «ការធ្វើដំណើរបៃតង» ដែលធ្វើឱ្យទស្សនៈជីវភាពបៃតង ឬកាបូនទាបជ្រាបចូលទៅ ក្នុងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូបជាបណ្តើរៗ។
ក្រៅពីការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរបៃតង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន ក៏បង្វែរទៅរកជីវភាពកាបូនទាបជាបណ្តើរៗ ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជំនួស ដោយការប្រើថង់ក្រណាត់អាចរំលាយបាន ដែលអាចប្រើបានច្រើនដង ការចាត់ចែងកាកសំណល់ទៅតាមប្រភេទ ការកាត់បន្ថយការប្រើក្រដាស ដូចជាសំបុត្រយន្តហោះ សំបុត្រជិះយានយន្តសាធារណៈ សំបុត្រចូលទស្សនារមណីយដ្ឋាន និងវិក្កយបត្រជាដើម ហើយជំនួសដោយសំបុត្រអេឡិចត្រូនិក ឬបណ្ណទូទាត់អេឡិចត្រូនិក។
កាលពីខែកញ្ញាឆ្នាំ២០២០ ប្រទេសចិនបានដាក់ចេញជាផ្លូវការនូវគោលដៅ «កាបូនពីរ» ពោលគឺការកាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល នៅឆ្នាំ២០៣០ និងអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍបៃតង ដោយគ្រប់ជ្រុងជ្រោយ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក។
ងាកមកមើលពីប្រទេសកម្ពុជាវិញ រាជរដ្ឋាភិបាលក៏បានធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្រេចគោលដៅសហប្រជាជាតិស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍបៃតងផងដែរ ដោយបានដាក់ចេញអនុក្រឹត ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ការជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ជំនួសរថយន្តប្រើប្រេងឥន្ធនៈ ការកាត់បន្ថយការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ និងការគ្រប់គ្រងសំណល់ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់លើកឡើងថា ដើម្បីធ្វើបដិវត្តថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើន ទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន កម្ពុជាបានកំណត់គោលដៅ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឱ្យបានប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័នកាបូនិកត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការគ្រប់គ្រងសំណល់។
ជាការពិតណាស់ «ការអភវិឌ្ឍបៃតង» អាចនិយាយបានថាជាគោលនយោបាយជាតិ ដែលជារឿងធំនិងសំខាន់របស់ប្រទេសជាតិផង ប៉ុន្តែក៏អាចនិយាយបានថាជា រឿងសាមញ្ញទូទៅនៃជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ បច្ចុប្បន្ន ជីវភាពកាបូនទាប បាននិងកំពុងក្លាយជាជីវភាពទាន់សម័យមួយរបស់មនុស្សយើង ពាក្យថា «ថ្ងៃនេះ តើអ្នកកាបូនទាបហើយឬនៅ?» ជាពាក្យសួរសុខទុក្ខបែបកំប្លែងតែ បង្កប់ន័យអំពីជីវភាពកាបូនទាប។ ជារួម មានតែការរួមចំណែករបស់យើងគ្រប់គ្នា ទើបអាចឱ្យទឹកដីកំណើតយើង និងភពផែនដីយើងរក្សាភាពស្រស់ប្រិមប្រិយជានិច្ច៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន