(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតក្នុងស្រុកជាលើកដំបូងគេបង្អស់របស់ខ្លួន ដោយក្រុមហ៊ុន SK bioscience សម្រាប់ការប្រើប្រាស់ ជាសាធារណៈហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។
បើតាមរដ្ឋបាលចំណីអាហារ និងឱសថកូរ៉េខាងត្បូង, វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ SKYCovione ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់លើ មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅចំនួន ២ដូស ជាមួយនឹងការចាក់ក្នុងរយៈពេល ៤សប្តាហ៍ពីគ្នា។
ក្រុមហ៊ុន SK bioscience បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការធ្វើតេស្តដំណាក់កាលទី៣ លើមនុស្សពេញវ័យចំនួន ៤,០៣៧នាក់, វ៉ាក់សាំង SKYCovione បានបង្កើតការឆ្លើយតបនៃអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2។ ប៉ុន្តែវាមិនទាន់ត្រូវបានគេដឹងថា មានប្រសិទ្ធភាពកម្រិតណាប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី Omicron និងវីរុស COVID-19 បំប្លែងថ្មីផ្សេងទៀតនោះទេ។
ក្រុមហ៊ុន SK bioscience បានបន្ថែមថា ខ្លួននឹងស្វែងរកការអនុម័តសម្រាប់ការចែកចាយវ៉ាក់សាំង SKYCovione នៅក្នុងប្រទេសផ្សេងទៀត និងតាមរយៈយន្តការចែកចាយវ៉ាក់សាំងសកល COVAX ក៏ដូចជាការចុះបញ្ជីសម្រាប់ការប្រើប្រាស់ ក្នុងលក្ខណបន្ទាន់ ពីអង្គការសុខភាពពិភពលោក (WHO)។
គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង KDCA, ជិត ៨៧ភាគរយនៃចំនួនប្រជាជនសរុប ៥២លាននាក់របស់កូរ៉េខាងត្បូង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញចំនួន ២ដូសរួចហើយ ខណៈ ៦៥ភាគរយទៀត ក៏បានទទួលការចាក់ដូសជំរុញរួចរាល់ផងដែរ៕