(ប៉េកាំង)៖ កាលពីថ្ងៃទី២៨ ខែមិថុនា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានជួបសន្ទនាជាមួយលោក Nicolas Chapuis ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិនដែលជិតផុតអាណត្តិ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងរវាងចិន និងសហភាពអឺរ៉ុបស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងបានបង្កើតយន្តការសន្ទនាជាន់ខ្ពស់ ស្តីពីឌីជីថល និងបៃតង ក៏ដូចជាបានបញ្ចប់ការចរចាលើ កិច្ចព្រមព្រៀងវិនិយោគរវាងចិននិងសហភាពអឺរ៉ុប ដោយទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការសំខាន់ៗ។ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ នូវមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព និងកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបើកចំហកម្រិតខ្ពស់ ចិននិងសហភាពអឺរ៉ុប គឺជាដៃគូ មិនមែនជាគូប្រជែងឡើយ ហើយកាន់តែមិនមែនជាគូប្រជែងខាងរបបនយោបាយនោះទេ។

ជាការឆ្លើយតប លោក Nicolas Chapuis បានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនង រវាងសហភាពអឺរ៉ុបនិងចិនមានសក្ដានុពលធំណាស់។ ទោះបីជាភាគីទាំងពីរមានការខ្វែងគំនិតគ្នាខ្លះក៏ដោយ ក៏ប៉ុន្តែភាគីទាំងពីរអាចស្វែងរកផលប្រយោជន៍រួម និងសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ។ ភាគីអឺរ៉ុបគឺដូចជាភាគីចិនដែរ គឺមិនចង់មើលឃើញពិភពលោកធ្លាក់ចូលទៅក្នុង ការប្រឈមមុខដាក់គ្នាជាក្រុមនោះទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន